[វីដេអូ] អ្នកចាំទីតួរគីមួយរូប ត្រូវបានបណ្ដេញចេញពីទីលានប្រកួត ក្រោយលេងបាន១៣វិនាទី

Serkan Kirintili បានបំបែកកំណត់ត្រាកីឡាករដែលទទួលបានកាតក្រហមលឿនបំផុត នៅក្នុងពិភពបាល់ទាត់តួរគី កាលពីយប់ថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីរូបគេត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួតក្រោយលេងបាន ១៣វិនាទី។

អ្នកចាំទីរបស់ក្រុម Konyaspor រូបនេះ ព្យាយាមចាប់បាល់ដែលក្រុម Yeni Malatyaspor បានព្យាយាមកាត់ពីពាក់កណ្ដាលតារាងមកកាន់តំបន់គ្រោះថ្នាក់។ ប៉ុន្ដែនៅពេលចាប់បាល់បាន អ្នកចាំទីរូបនេះ បានស្ថិតនៅក្រៅខ្សែបន្ទាប់ប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យអាជ្ញាកណ្ដាលសំរេចផ្ដល់កាតក្រហមឲ្យរូបគេ ខណៈដែលការប្រកួតទើបតែចាប់ផ្ដើម។

ហើយមុនពេលដែលអាជ្ញាកណ្ដាលហុចកាត Kirintili បានដឹងខ្លួនថារូបគេអស់ឱកាសក្នុងការបង្ហាញខ្លួននៅលើទីលានសំរាប់ការប្រកួតនោះ ដោយបានដោះស្រោមដៃរួចជាស្រេច ហើយកីឡាករដែលនៅក្នុងក្រុមគូប្រកួតបានលួងលោមរូបគេផងដែរ។

ក្រោយពេលដែល អ្នកចាំទីសញ្ជាតិតួរគីរូបនេះ ត្រូវបានបណ្ដេញចេញ ខ្សែការពារ Alper Uludag របស់ក្រុម Konyaspor ត្រូវបានប្ដូរចេញជំនួសដោយ អ្នកចាំទី Ertugrul Taskıran ឲ្យមករ៉ាប់រងតួនាទី នៅមុខបង្គោលទី ប៉ុន្ដែក្រុមរបស់ពួកគេត្រូវបរាជ័យ ក្នុងលទ្ធផល ២-០៕

ប្រភព៖ talkSPORT