[វីដេអូ] Atalanta លត់ក្រុម Brescia យ៉ាងចាស់ដៃ គំរាម PSG មុនប៉ះគ្នានៅក្នុងការប្រកួត UCL

Mario Pasalic បានរកហេតទ្រីគលើកដំបូងរបស់ខ្លួននៅ Serie A សម្រាប់ក្រុម Atalanta ដែលបានយកឈ្នះទៅលើក្រុម Brescia 6-2 ជួយឲ្យពួកគេឡើងមកកាន់តំណែងលេខ២ ក្នុងតារាងលីគកំពូលអ៊ីតាលី។

ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះ បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះ Atalanta ក្រោយចាប់ផ្ដើមការប្រកួតបាន២នាទី ប៉ុន្ដែត្រូវបានក្រុមភ្ញៀវ វាយបកតាមស្មើវិញនៅ៦នាទីបន្ទាប់ដោយកីឡាករ Ernesto Torregrossa។

ទោះយ៉ាងណាក្ដី Marten de Roon, Ruslan Malinovsky និង Duvan Zapata បានរកគ្រាប់បាល់នាំមុខឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Gian Piero Gasperini នៅក្នុងតង់ទី១។ ហើយ Pasalic រកបាន២គ្រាប់បន្ថែមទៀតបង្គ្រប់ហេតទ្រីគ មុនពេលដែល Nikolas Spalek រកបានគ្រាប់ទី២ឲ្យក្រុមភ្ញៀវ ៧នាទីមុនការប្រកួតបញ្ចប់។

បច្ចុប្បន្ន Atalanta បានរំកិលមកកាន់លេខ២ ក្នុងតារាង Serie A តាមពីក្រោយក្រុមកំពូលតារាង Juventus ៦ពិន្ទុ និង ២ពិន្ទុលើសក្រុមលេខ៣ Inter Milan ដែលនៅសល់១ប្រកួតក្នុងដៃ។

គួរបញ្ជាក់ថា Atalanta កំពុងលេងបានល្អ ទាំងក្នុងការប្រកួតនៅអ៊ីតាលី ក៏ដូចជាការប្រកួតនៅអឺរ៉ុប ហើយពួកគេបានបានយកឈ្នះក្រុម Valencia នៅក្នុងវគ្គ១៦ក្រុមចុងក្រោយទាំងពីរជើងសរុប 8-4 ហើយឡើងមកកាន់វគ្គ៨ក្រុម ប៉ះក្រុម Paris Saint-Germain៕

អានអត្ថបទបន្ទាប់៖ Benzema កៀកនៅក្នុងការប្រជែងពានបុគ្គលមួយ ជាមួយនឹង Messi

ក្រៅពីជួយក្រុម Real Madrid ខិតកាន់តែកៀកក្នុងការក្លាយជាម្ចាស់ជើងឯក La Liga ខ្សែប្រយុទ្ធឆ្នើម Karim Benzema ក៏ខិតជិតនៅក្នុងការប្រកួតប្រជែងពានស្បែកជើងមាសលីគកំពូលអេស្ប៉ាញ Pichichi។

កីឡាករលេខ៩ របស់ក្រុមអធិរាជស រកគ្រាប់បាល់បានសរុប១៩គ្រាប់សម្រាប់រដូវកាលនេះ ហើយរូបគេរកបានតិចជាង Messi តែ២គ្រាប់ប៉ុណ្ណោះ។

សម្រាប់រយៈពេលកន្លងមក មានតែ Cristiano Ronaldo ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជីគូប្រជែង កីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតនៅ La Liga ខណៈដែលខ្សែប្រយុទ្ធបារាំង ទទួលបានតែការរិះគន់ប៉ុណ្ណោះ នៅពេលបញ្ចប់រដូវកាលម្ដងៗ។

ហើយចាប់តាំងពី ខ្សែប្រយុទ្ធព័រទុយហ្គាល់ផ្លាស់ទៅលេងនៅ Juventus អតីតកីឡាករក្រុម Lyon បានដើរតួនាទី ជាអ្នកដែលផ្គត់ផ្គង់គ្រាប់បាល់សម្រាប់ការប្រកួតឲ្យ Los Blancos។

សូមបញ្ជាក់ថា Benzema រកគ្រាប់បាល់បាន ៥៤គ្រាប់ រាប់តាំងពីពេលដែល Ronaldo ចាកចេញពីទឹកដី Santiago Bernabeu៕