[វីដេអូ] Dybala ស៊ុតពីរគ្រាប់ជួយ Juventus វាយបកយកឈ្នះក្រុម Lokomotiv Moscow នៅ UCL

ខ្សែប្រយុទ្ធឆ្នើម Paulo Dybala រកគ្រាប់បាល់បាន២គ្រាប់ជួយឲ្យ Juventus វាយបកយកឈ្នះក្រុម Lokomotiv Moscow ដោយលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គចែកពូល Champions League នៅទីក្រុងទូរីនកាលពីយប់ម៉ិញនេះ។

កីឡាករ Aleksey Miranchuk បានរកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ Lokomotiv នៅនាទីទី៣០ ជាមួយនឹងក្ដីសង្ឃឹមរកបាន៣ពិន្ទុពីក្រុមយក្សអ៊ីតាលី ដែលមិនអាចទំលុះសំណាញ់ទីពួកគេនៅ៧៦នាទីដំបូង។

លុះដល់នាទីទី៧៧ Dybala បានស៊ុតបញ្ចូលទីក្រៅប្រអប់យ៉ាងអស្ចារ្យ តាមស្មើ បន្ទាប់ពីមានការបញ្ជូននៅស្លាបខាងស្ដាំរបស់ Juan Cuadrado មុនពេលដែលរូបគេរកបានគ្រាប់បាល់មួយគ្រាប់ទៀតនៅ២នាទីបន្ទាប់ ហើយជាគ្រាប់បាល់ជ័យជំនះ សំរាប់ក្រុមសេះបង្កង់។

បច្ចុប្បន្ន Juventus ឈរនៅកំពូលតារាងនៃពូល D មាន៧ពិន្ទុស្មើជាមួយនឹងក្រុម Atletico Madrid ដែលទើបតែបានយកឈ្នះក្រុម Bayer Leverkusen ១-០ នៅទឹកដី Wanda Metropolitano។

ខ្សែប្រយុទ្ធ Alvaro Morata បានប្ដូរចូលពីកៅអីបម្រុង ហើយរកគ្រាប់បាល់ជ័យជំនះជូនក្រុមដែលដឹកនាំដោយគ្រូបង្វឹក Diego Simeone ដោយការតែតបញ្ចូលទី និងជួយបន្ដកំណត់ត្រាមិនបរាជ័យ ក្នុងការប្រកួតនៅក្នុងផ្ទះ១២ប្រកួតជាប់គ្នា សំរាប់ការប្រកួតពានអឺរ៉ុប។

ដោយឡែកក្រុមរួមរាជធានីអេស្ប៉ាញ Real Madrid ក៏បានយកឈ្នះក្រុម Galatasaray ដោយលទ្ធផល ១-០ ដែលធ្វើឲ្យកៅអីរបស់អ្នកចាត់ការ Zinedine Zidane ហាក់ថយកំដៅ។

ក្រុមយក្សអេស្ប៉ាញទើបតែរងបរាជ័យយ៉ាងអាម៉ាស ក្នុងការប្រកួតទល់នឹងក្រុម Mallorca កាលពីចុងសប្ដាហ៍កន្លងទៅ ហើយពួកគេមិនទាន់ទទួលបានជ័យជំនះនៅឡើយទេ សំរាប់ពីរប្រកួតដំបូងនៅក្នុងវគ្គចែកពូល Champions League។

ក្រុមរបស់លោក Zidane បានបរាជ័យ ៣-០ ក្នុងការប្រកួតទល់នឹង Paris Saint-Germain នៅក្នុងជំនួបបើកឆាកវគ្គចែកពូល ហើយបានត្រឹមស្មើជាមួយនឹង Club Brugge នៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ២-២ ប៉ុន្ដែពួកគេដណ្ដើមបាន៣ពិន្ទុ នៅក្នុងការប្រកួតទល់នឹងក្រុមយក្សតួរគី។

ខ្សែបម្រើ Toni Kroos បានរកគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់នៅក្នុងការប្រកួត នៅក្នុងតង់ទី១ បន្ទាប់ពីមានការបញ្ជូនយ៉ាងល្អពី Eden Hazard នៅក្នុងតំបន់គ្រោះថ្នាក់ ដែលសមល្មមសំរាប់ពួកគេក្នុងការត្រលប់ទៅអេស្ប៉ាញវិញជាមួយនឹង៣ពិន្ទុ៕

[វីដេអូ] Son & Kane រកបានម្នាក់២គ្រាប់ ជួយឲ្យ Spurs លត់ក្រុម Red Star យ៉ាងចាស់ដៃ

[វីដេអូ] Mbappe រកបានហេតទ្រីគក្រោយប្ដូរចូលនៅក្នុងតង់ទី២ ជួយ PSG បន្ដការឈ្នះនៅ UCL