[វីដេអូ] Ronaldo ខិតកាន់តែកៀកក្នុងការក្លាយជាស្ដេចរកគ្រាប់បាល់ទី៦ ក្រោយជួយព័រទុយហ្គាល់ ឈ្នះ លុចសំបួ

នៅសល់តែ១គ្រាប់ទៀតតែប៉ុណ្ណោះ Cristiano Ronaldo នឹងក្លាយជាកីឡាករដែលរកគ្រាប់បាល់សរុបនៅក្នុងអាជីពបាន ៧០០គ្រាប់ បន្ទាប់ពីរូបគេជួយក្រុមព័រទុយហ្គាល់ យកឈ្នះក្រុមលុចសំបួ ក្នុងលទ្ធផល ៣-០ នៅក្នុងវគ្គជម្រុះ Euro 2020។

Cristiano Ronaldo

តារាឆ្នើម Bernardo Silva របស់ក្រុម Manchester City បានរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតនោះ មុនពេលដែល Ronaldo ស៊ុតឆ្កឹះបញ្ចូលទីគ្រាប់ទី២ ហើយកីឡាករ Goncalo Guedes របស់ Valencia ជាអ្នករកគ្រាប់បាល់ចុងក្រោយមុនការប្រកួតបញ្ចប់។

Bernardo Silva

បច្ចុប្បន្ន ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈរនៅលេខ២ក្នុងតារាងពូល B មាន៥ពិន្ទុតាមពីក្រោយក្រុមអ៊ុយក្រែន ប៉ុន្ដែ មាន៤ពិន្ទុនាំមុខដាច់ក្រុមស៊ែប៊ីដែលឈរនៅលេខ៣។

Cristiano Ronaldo

គួរបញ្ជាក់ថា វាជាគ្រាប់បាល់ទី៩៤របស់ Ronaldo សំរាប់ក្រុមព័រទុយហ្គាល់ ដោយរូបគេត្រូវការតែ១៥គ្រាប់ទៀតតែប៉ុណ្ណោះ ដើម្បីតាមទាន់កំណត់ត្រា គ្រាប់បាល់ច្រើនបំផុតសំរាប់ជម្រើសជាតិ របស់វីរបុរសអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩គ្រាប់។

Cristiano Ronaldo

ហើយ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ អាចមានឱកាស ក្នុងការក្លាយជាកីឡាករទី៦នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ដែលអាចរកគ្រាប់បាល់បាន ៧០០គ្រាប់ នៅពេលដែលក្រុមព័រទុយហ្គាល់ ធ្វើដំណើរទៅប្រកួតទល់នឹងអ៊ុយក្រែននៅថ្ងៃចន្ទខាងមុខនេះ។

Cristiano Ronaldo

សំរាប់៦៩៩គ្រាប់របស់ Ronaldo គឺធ្វើបាននៅក្នុងចំណោម ៩៧២ប្រកួត នៅក្នុង១២ការប្រកួតផ្សេងៗគ្នា ដែលមានន័យថា ជាមធ្យម Ronaldo រកគ្រាប់បាល់បានមួយគ្រាប់ ក្នុង១១២នាទី ស្មើនឹង ៤៧% នៃការប្រកួតដែលរូបគេបានចូលរួម។

Ronaldo កាលនៅជាកីឡាករ Sporting

ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ រកគ្រាប់បាល់បាន ៣១គ្រាប់ សំរាប់ក្រុម Sporting CP, ១១៨គ្រាប់ នៅក្នុងចំណោម ២៩២ ប្រកួតសំរាប់ Manchester United, ៤៥០គ្រាប់ នៅក្នុង ៤៣៨ប្រកួតសំរាប់ក្រុមអេស្ប៉ាញ Real Madrid និង ៣២គ្រាប់ ក្នុង ៥១ប្រកួតឲ្យ Juventus៕

ដោយឡែកក្រុមជម្រើសជាតិអង់គ្លេស បានបរាជ័យនៅក្នុងវគ្គជម្រុះ Euro 2020 ជាលើកដំបូង នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយកាលពីយប់ម៉ិញនេះ បន្ទាប់ពីពួកគេចាញ់ក្រុមសាធារណរដ្ឋឆែកដោយលទ្ធផល ២-១។

Declan Rice

ប្រធានក្រុម Harry Kane របស់អង់គ្លេស បានរកគ្រាប់បាល់បើកឆាកនាំមុខក្រុមម្ចាស់ផ្ទះ នៅនាទីទី៥នៃការប្រកួត ប៉ុន្ដែ ត្រូវបានតាមស្មើដោយកីឡាករ Jakub Brabec នៅ៤នាទីបន្ទាប់។

ហើយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Gareth Southgate ហាក់មិនបានបង្ហាញទម្រង់លេងល្អនោះទេ កំឡុងការប្រកួតនោះ ហើយអ្វីដែលកាន់តែពិបាកទៀតនោះគឺ ពួកគេបានរបូតគ្រាប់បាល់មួយគ្រាប់ទៀត នៅនាទីទី ៨៥ ដោយកីឡាករ Zdenek Ondrasek របស់ក្រុមសាធារណរដ្ឋឆែក។

Jordan Henderson

ទោះយ៉ាងណាក្ដី ក្រុមតោកំណាចអង់គ្លេសនៅឈរកំពូលតារាងពូល A ដែលមាន១២ពិន្ទុស្មើជាមួយនឹងក្រុមសាធារណរដ្ឋឆែក ប៉ុន្ដែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ហើយមានគ្រាប់បាល់ចំនេញច្រើនជាងផងដែរ៕