[វីដេអូ] Son & Kane រកបានម្នាក់២គ្រាប់ ជួយឲ្យ Spurs លត់ក្រុម Red Star យ៉ាងចាស់ដៃ

Harry Kane និង Heung-Min Son រកគ្រាប់បាល់ម្នាក់២គ្រាប់ ក្នុងការប្រកួតដែល Tottenham បានយកឈ្នះក្រុម Red Star Belgrade ដោយលទ្ធផល ៥-០ ដែលជាជ័យជំនះលើកដំបូងសំរាប់ពួកគេនៅក្នុងវគ្គចែកពូល Champions League រដូវកាលនេះ។

Kane បានរកគ្រាប់បាល់បើកឆាកនាំមុខសំរាប់ក្រុមមាន់ខ្នាយមាស នៅ៩នាទីដំបូងនៃការប្រកួត ដោយការតែតបញ្ចូលទីពីបាល់ជ្រុងដែលបញ្ជូនដោយ Erik Lamela ហើយខ្សែបម្រើអាហ្សង់ទីន បានបញ្ជូនបាល់មួយគ្រាប់ទៀតទៅឲ្យ Son ស៊ុតបញ្ចូលទី។

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង បានរកគ្រាប់បាល់ទី២របស់ខ្លួននៅក្នុងការប្រកួត មុនចប់តង់ទី១ មុនពេលដែល Lamela និង Kane រកបានម្នាក់មួយគ្រាប់បន្ថែមទៀត ដើម្បីធានាជ័យជំនះសំរាប់ក្រុមរបស់លោក Mauricio Pochettino។

សំរាប់ជ័យជំនះនេះ មានន័យថា Spurs បានឈរនៅលេខ២នៅក្នុងពូល B មានគំលាត៥ពិន្ទុពីក្រុមកំពូលតារាង Bayern Munich ដែលទើបតែបានយកឈ្នះក្រុម Olympiakos ទាំងប្រផុតប្រផើយ ៣-២។

ដោយឡែកក្រុមអង់គ្លេស Manchester City ក៏បានបំបាក់គូប្រកួតរបស់ពួកគេ ៥គ្រាប់ផងដែរ ខណៈដែលតារាឆ្នើម Raheem Sterling រកបានហេតទ្រីគ ក្នុងរយៈពេល១១នាទី នៅក្នុងតង់ទី២។

Man City បានយកឈ្នះក្រុមទើបឡើងជើងនៅអ៊ីតាលី Atalanta ដោយលទ្ធផល ៥-១ ក្នុងការប្រកួតនៅទឹកដី Etihad Stadium បើទោះបីជាខ្សែការពាររបស់ពួកគេច្រើនរូបកំពុងជួបបញ្ហាខ្វះខាត។

ក្រុមរបស់លោក Pep Guardiola ដែលបានដាក់ខ្សែការពារ៣រូប នៅក្នុងជម្រើសដំបូងបានភ្លាត់របូតគ្រាប់បាល់បើកឆាក ដោយបាល់ប៉េណាល់ទី ប៉ុន្ដែត្រូវបានខ្សែប្រយុទ្ធ Sergio Aguero រកបានមួយគ្រាប់តាមស្មើវិញ មុនពេលដែលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ស៊ុតបាល់១១ម៉ែត្រនាំមុខឲ្យ Man City បន្ទាប់ពី Andrea Masiello បានបង្កកំហុសទៅលើ Sterling។

ហើយ Sterling រកបាន៣គ្រាប់បន្ថែមនៅក្នុងតង់ទី២ ដោយមានការបញ្ជូនរបស់ Riyad Mahrez, Kevin de Bruyne និង Phil Foden៕