សុខចិត្តអភិវឌ្ឍខ្លួននៅឈុតយុវជនរបស់ Real តែ Kubo បដិសេធសំណើខ្ចីជើងពីក្លឹបរួមលីគអេស្ប៉ាញ

កីឡាករឆ្នើមវ័យក្មេងចំណូលថ្មី Takefusa Kubo របស់ Real Madrid បានបដិសេធ សំណើខ្ចីជើងមួយរដូវកាលពីក្លឹប Real Valladolid។

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ​បានចូលរួមជាមួយនឹងក្លឹបអធិរាជស កាលពីរដូវក្ដៅកន្លងទៅ ហើយរូបគេបានបង្ហាញភាពលេចធ្លោក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល នៅទឹកដីអាមេរិក។

ហើយ Kubo ត្រូវបានគេរំពឹងថា នឹងលេងអោយក្រុមឈុត B និង ឈុត U18 របស់ក្លឹប សំរាប់រដូវកាល ២០១៩/២០ ខាងមុខនេះ ខណៈដែល Real Valladolid មានការចាប់អារម្មណ៍ចង់បាន។

បើតាមការរាយការណ៍ពី Mundo Deportivo និង ភ្នាក់ងាររបស់ខ្លួន សំរេចចិត្តមិនចង់ផ្ទេរទៅកាន់ Valladolid នោះទេ ហើយចង់បន្ដស្នាក់នៅជាមួយ Madrid ដើម្បីអភវឌ្ឍខ្លួននៅទីនោះ។

ទោះយ៉ាងណាក្ដី Real មិនទាន់បោះបង់ការបញ្ចុះបញ្ចូល Kubo ក្នុងការទទួលយកសំណើខ្ចីជើង ហើយនឹងធ្វើការចចារជាមួយកីឡាករ៕

ប្រភព៖ Football Espana