សុទ្ធ​តែ​សមាសភាព​បុគ្គល​ល្បីៗ ប្រមូល​ផ្តុំ​ក្នុង​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars

តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​និង​បង្កើត​ឡើង​ដោយ​លោក អៃ សំអូន ទី​បំផុត​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ក៏​លេច​ចេញ​មុខមាត់​ជា​បណ្តើរៗ​ហើយ។ ក្នុង​នោះ​ប្រមូល​ផ្តុំ​សុទ្ធ​តែ​បុគ្គល​ល្បីៗ​មាន​ដូច​ជា​លោក ជឿន ប៊ុនចក់ (Admin ជីងចក់), លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក​រៀន​ថត) និង​តារា​សម្ដែង​លោក អ៊ុំ សុវណ្ណគីរី លោក ប៊ុន លីម៉ា ក៏ដូចជា នាយក្តី ​ជា​ដើម។

ក្រុម​ខាង​លើ​នឹង​បើក​ការ​ប្រកួត​មិត្តភាព​ជា​លើក​ដំបូង​ចំនួន ២ លើក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​បន្ត​ទៅ​ចូលរួម​តាម​ខេត្ត/ក្រុង​ទាំង ២៥ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ គោលដៅ​ដ៏​ធំ​សម្បើម​និង​មាន​រយៈ​ពេល​យូរ​មួយ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រមែប្រមូល​យុវជន​គ្រប់​ខេត្ត​ក្រុង​ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​និង​បាន​ចូលរួម​លេង​កីឡា​បាល់ទាត់ ក៏​ដូច​ជា​អាច​ជួប​នូវ iDol របស់​ខ្លួន​ផង​ដែរ។

យ៉ាងណាមិញ​តាម​ការ​សង្កត់​ធ្ងន់​របស់​លោក អៃ សំអូន ក៏​លួច​បង្ហើប​ពី​គោលដៅ​ទៅ​ថ្ងៃ​មុខ​ដែល​អាច​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ។ បុរស​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ​បាន​បញ្ជាក់​ថា៖ “ដំបូង​យើង​ប្រកួត​មិត្តភាព​លក្ខណៈ​ទេសចរណ៍​តាម​ខេត្ត​ក្រុង​សិន ហើយ​ទៅ​ថ្ងៃ​មុខ​យើង​អាច​នឹង​មាន​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​សប្បុរសធម៌ ដើម្បី​ប្រមែប្រមូល​ថវិកា​ដែល​ទទួល​បាន​យក​ទៅ​ចូលរួម​ចំណែក​ជួយ​ដល់​កុមារ​និង​ជន​ក្រ​ខ្សត់​ដែល​កំពុង​មាន​តម្រូវការ​ចាំ​បាច់”។

ជាចុង​ក្រោយ​លោក​បាន​ទទូច​ចង់​ឲ្យ​បណ្តា​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណា​មួយ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កីឡា​អាច​ធ្វើ​ការ​ឧបត្ថម្ភ​មិន​ថា​ជា​សម្ភារៈ​ឬ​ថ្លៃ​ចំណាយ​ផ្សេងៗ ដើម្បី​ញាំង​ឲ្យ​ការ​ប្រកួត​នីមួយៗ​អាច​ប្រព្រឹត្តិ​ទៅ​បាន​រលូន។ លោក​អ្នក​អាច​ទាក់ទង​បាន​តាម​រយៈ​ទូរសព្ទ​លេខ ០៩៦ ២២៥ ០៥ ៨៨!