សំណព្វចិត្តរបស់លោក Mourinho រិះគន់ Man United រឿងប្រញាប់ ដូរគ្រូបង្វឹក

Marouane Fellaini យល់ឃើញថា Manchester United បានបណ្ដេញលោក Jose Mourinho លឿនពេក ហើយបានរិះគន់ក្លឹបថាមានការប្រញាប់ប្រញាល់ក្នុងការបណ្ដេញ និង តែងតាំងគ្រូបង្វឹកថ្មី។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បានចំណាយពេល៥ឆ្នាំកន្លះជាមួយនឹងក្លឹបបិសាចក្រហម ក្រោមការដឹកនាំរបស់គ្រូបង្វឹក៤រូបផ្សេងគ្នា មុនពេលដែលរូបគេចាកចេញពីទឹកដី Old Trafford កាលពីខែមករា ទៅចូលរួមជាមួយនឹងក្លឹបចិន Shandong Luneng។

Fellaini បានជួយឲ្យ Man United ឈ្នះពាន EFL Cup និង Europa League ក្រោមការដឹកនាំដោយលោក Mourinho កាលពី ២០១៧ ប៉ុន្ដែ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានក្លឹបបណ្ដេញចេញ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីទទួលបានលទ្ធផលមិនល្អ សំរាប់ការដឹកនាំក្រុម។

ទោះយ៉ាងណាក្ដី បញ្ហានៅក្នុងក្រុម មិនត្រូវបានដោះស្រាយនៅឡើយទេ ចាប់តាំងពីការបញ្ចប់តំណែងរបស់លោក Mourinho ដោយគ្រូបង្វឹកបច្ចុប្បន្នលោក Ole Gunnar Solskjaer បានសាងកំណត់ត្រា ចាប់ផ្ដើមរដូវកាលអាក្រក់បំផុតក្នុងរយៈពេល ៣០ឆ្នាំ ហើយ Fellaini យល់ឃើញថា អតីតគ្រូបង្វឹក Chelsea គួរតែទទួលបានឱកាសដឹកនាំក្រុមបានយូរជាងនេះ។

លោក Mourinho ក៏បានរិះគន់ទម្រង់លេងរបស់ Manchester United ក្រោយបរាជ័យ ២-០ ទល់នឹងក្រុម West Ham កាលពីខែកញ្ញាកន្លងទៅនេះ។

អតីតគ្រូបង្វឹកក្រុមបិសាចក្រហមរូបនេះ ត្រូវបានបណ្ដេញចេញពីតំណែង កាលពីខែធ្នូកន្លងទៅ ដោយសារដឹកនាំក្រុមធ្លាក់ទម្រង់លេង ហើយលោកយល់ឃើញថា ក្រុមទាំងមូលមិនមានភាពរីកចំរើននោះទេ ចាប់តាំងពីពេលលោកចាកចេញ ទោះបីជាចំណាយលុយជាច្រើនដើម្បីទិញយកតារាឆ្នើមមកចូលរួមក្ដី។

Harry Maguire, Aaron Wan-Bissaka និង Daniel James បានផ្ទេរមកចូលរួម ជាមួយនឹង Man United នៅរដូវក្ដៅនេះ ប៉ុន្ដែលោក Mourinho លោកនៅតែមានក្ដីបារម្ភពីអនាគតលោក Ole Gunnar Solskjaer ជាមួយក្លឹប។

នៅពេលត្រូវបានចោទសួរពីចំណុចវិជ្ជមានរបស់ក្រុម Man United បច្ចុប្បន្នលោក Mourinho បាននិយាយថា៖ “ទេ ខ្ញុំរកមិនឃើញទេ។ យើងធ្វើមិនបានល្អនៅរដូវកាលមុន ប៉ុន្ដែ ខ្ញុំមិនបានឃើញភាពរីកចំរើនសំរាប់រដូវកាលថ្មីនេះទេ បើទោះបីជាមានកីឡាករថ្មី៣នាក់ចូលរួមក៏ដោយ។

“ហើយខ្ញុំត្រូវតែនិយាយថា កីឡាករនាំមកជាមួយនូវការផ្លាស់ប្ដូរបែបវិជ្ជមាន។ ខ្ញុំចូលចិត្តកីឡាករ៣រូបនេះ ហើយខ្ញុំគិតថាពួកគេ អាចនាំយកគុណភាពបន្ថែមសំរាប់ក្រុម។ ប៉ុន្ដែក្រុមនេះ នៅតែជាក្រុមដែលខ្ញុំមិនពេញចិត្តទាល់តែសោះ ហើយខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលដែលទទួលបានឡើយ។ ខ្ញុំគិតថា Ole មិនអាចធ្វើអោយក្រុមទទួលបានផលវិជ្ជមាននោះទេ។”

ប្រភព៖ Sky Sports