ស្ថិតិ​កម្រ​កើត​មាន​មួយ ល្មម​ឲ្យ​អ្នក​គាំទ្រ​ហង្ស​មាន​ទឹក​មាត់​លេប​មុន​តតាំង Barca នៅ UCL

ការ​ប្រកួត​រវាង​ហង្ស​ក្រហម Liverpool និង​ Barcelona នឹង​បើក​ឆាក​ជើង​ទី ១ នៅ​ទឹក​ដី Camp Nou ​នា​ថ្ងៃ​ទី ២ ឧសភា ឆ្នាំ ២០១៩ មុន​ហោះ​ទៅ​តតាំង​នៅ Anfield នា​មួយ​សប្តាហ៍​បន្ទាប់។

 

ត្បិត​អី​មតិ​ជា​ច្រើន​ហាក់​មើល​ឃើញ Barcelona មាន​សង្ឃឹម​ខ្ពស់​ជាង ប៉ុន្តែ​អភិនិហា​ក្នុង​វិស័យ​បាល់ទាត់ ជា​ពិសេស​គឺ​រដូវ​កាល ២០១៨/១៩ នេះ ហាក់​ធ្វើ​ឲ្យ​ម្នាក់ៗ​ស​ភ្នែក​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ។ ជាង​នេះ​គឺ​ទាក់ទង​នឹង​ស្ថិតិ​ការ​ប្រកួត​គឺ​ហង្ស​ក្រហម​ហាក់​លេច​ធ្លោ​ជាង​បណ្តា​ក្រុម​អង់គ្លេស​ដទៃ សម្រាប់​ការ​តតាំង​ទល់ Barcelona។


អ្វី​ដែល​អ្នក​ត្រូវ​ដឹង? Liverpool គឺ​ជា​ក្រុម​អង់គ្លេស​តែ​មួយ​គត់​ដែល​អាច​យក​ឈ្នះ​នៅ​កីឡដ្ឋាន Camp Nou ដោយ​ហង្ស​ក្រហម​អាច​យក​ឈ្នះ ២ លើក មាន​មួយ​លើក​គ្រា​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ ១៩៧៦ និង​លើក​ទី​ពីរ​នា​វគ្គ​ជម្រុះ Champions League ​ឆ្នាំ ២០០៧ ដោយ​កាល​នោះ​គឺ​ជើង​ចាស់ Craig Bellarny និង John Arne Riise ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​លទ្ធផល ២-១។

ប៉ុន្តែ​ចូល​មក​ដល់​សម័យកាល​បច្ចុប្បន្ន​នេះ គ្រប់​យ៉ាង​ក៏​ប្រែលប្រួល​ខ្លាំង ដោយ​ហង្ស​កាល​ពី​ឆ្នាំ​ទៅ​ក៏​ធ្លាប់​ឡើង​ឈរ​ជើង​ឯក​រង​ក្រោយ​ចាញ់​ស្តេច​ស Madrid ខណៈ Barcelona ​ក៏​ឡើង​កូដ​ខ្លាំង​នា​រដូវ​កាល​នេះ ឈរ​ភាគរយ​អាច​ឈ្នះ​ពាន ៣ ក្នុង​មួយ​រដូវ​កាល។ អ៊ីចឹង​យើង​នឹង​អុត​មើល​លទ្ធផល តើ​ហង្ស​អាច​បង្កើត​ប្រវត្តិសាស្រ្ត​ជោគជ័យ​លើក​ទី ៣ នៅ Camp Nou បាន​ឬ​យ៉ាង​ណា?

ប្រភព: Sportskeeda