ហេតុតែចង់បាន Juventus ហ៊ានឲ្យតារាឆ្នើមខ្លួនម្នាក់ទៅ Man Utd ដើម្បីនាំយក Pogba មកវិញ

ក្រុម Juventus កំពុងតែបន្តការប្រឹងប្រែងរបស់ពួកគេ ដើម្បីនាំយកកីឡាករ Paul Pogba ត្រលប់មកកាន់ទឹកដី Turin វិញនៅរដូវក្តៅនេះ ជាមួយនឹងការផ្តល់ជូនកីឡាករ Douglas Costa ឲ្យទៅក្រុម Manchester United ដើម្បីជាការដោះដូរ ។

គួររំលឹកថាក្រុម Juve មានបំណងនាំយក Pogba ចាប់តាំងពីគេបានបង្ហាញពីភាពមិនសប្បាយចិត្តនៅទឹកដី Old Trafford កាលពីរដូវកាលមុន ខណ:ក្រុម Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើរូបនេះផងដែរ ។

យ៉ាងណាមិញបើយោងតាមគេហទំព័ររបស់ Tuttosport បានឱ្យដឹងថាក្លិបយក្សនៅអ៊ីតាលីមួយនេះនឹងបន្តនាំយក Pogba ម្តងទៀត ហើយនឹងត្រៀមប្រើប្រាស់ Costa នៅក្នុងកិច្ចសន្យាដោះដូរមួយនេះ ។

តែទោះជាយ៉ាងណាក្រុម Man United បានរក្សាគោលជំហរហើយថា Pogba មិនមែនសម្រាប់លក់នោះទេ ប៉ុន្តែការដាក់បញ្ចូលកីឡាករ Costa ក្នុងនៅសំណើនេះអាចជាជម្រើសដ៏ទាក់ទាញមួយ ៕

ប្រភព: Daily Mail