ហោះចេញទាំងព្រលឹម ស៊ិន កក្កដា ស្កាត់ទៅធ្វើតេស្តនៅក្លឹបឈ្នះ Thai FA Cup ឆ្នាំ ២០១៦

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ខ្សែ​ប្រយុទ្ធ ​ស៊ិន ​កក្កដា​ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជុំវិញ​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​តេស្ត​នៅ​លីគ​កំពូល​ថៃ ដែល​ជា​ក្លឹប Chainat Hornbill ​នេះ​បើផ្អែក​តាម​លិខិត​មួយ​ដែល​រូប​គេ​ធ្លាប់​បង្ហោះ​គ្រា​ជាប់​រឿង​រកាំរកូស​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ។

អតីត​យុវជន​ធ្លាប់​លេង​នៅ​ភ្នំពេញ​ក្រោន​រូប​នេះ​ក៏​ទទួល​បាន​ការ​សាទរ​និង​ពាក្យ​ជូនពរ​ជា​ច្រើន​នៅ​លើ​គណនី​ផ្ទាល់​ខ្លួន ​ដោយ​ចង់​ឲ្យ ស៊ិន ​កក្កដា អាច​ទទួល​បាន​ជោគជ័យ​រហូត​អាច​ចូលរួម​បម្រើ​អាជីព​ផ្លូវការ​នៅ​ក្លឹប​មួយ​នោះ។

បញ្ជាក់​ថា​ Chainat Hornbill ជា​ក្លឹប​មួយ​ដែល​បង្កើត​តាំង​ពី​ឆ្នាំ ២០០៩ ​ដែល​សព្វថ្ងៃ​កំពុង​ឈរ​លេខ ១៣ នៅ Thai League 1 ស្រប​ពេល​កំណត់ត្រា​ជោគជ័យ​ក្លឹប​មួយ​នេះ​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក​មួយ​លើក​នៅ​លីគ​លំដាប់​ពីរ និង Thai FA Cup កាល​ពី​ឆ្នាំ​ ២០១៦។