ជើងចាស់នៅ United ថាខ្សែប្រយុទ្ធមួយរូបត្រូវការពេលពង្រឹងសមត្ថភាព បន្ទាប់ពីដើរចេញពីស្រមោល CR7

អតីតខ្សែប្រយុទ្ធ Louis Saha បានទទូចអោយក្លឹប Everton មានការអត់ធ្មត់ចំពោះខ្សែប្រយុទ្ធវ័យក្មេង Moise Kean ដោយលើកឡើងថា កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវការពេលវេលាដើម្បីសម្របខ្លួន បន្ទាប់ពីឈរនៅពីក្រោយស្រមោលរបស់ Cristiano Ronaldo កាលនៅ Juventus។

កីឡាករឆ្នើមវ័យក្មេងរូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើន ប៉ុន្ដែរូបគេបានសំរេចចិត្តផ្លាស់មកលេងអោយក្លឹប Everton ដោយរំពឹងថា អាចទទួលបានឱកាសចូលលេងច្រើន។

ហើយអតីតខ្សែប្រយុទ្ធ Everton និង Man United, Saha មានក្ដីរីករាយដែលកីឡាករឆ្នើមរូបនេះ ព្រមផ្លាស់មកកាន់ទីក្រុង Merseyside ប៉ុន្ដែបានព្រមានថា កីឡាករូបនេះនៅវ័យក្មេង ពុំមានបទពិសោធន៍លេងនៅអង់គ្លេស ត្រូវការពេលវេលាដើម្បីពង្រឹងសមត្ថភាព។

លោក Saha បានថ្លែងប្រាប់ bwin ថា៖ “Kean ជាកីឡាករឆ្នើមសំរាប់ការដោះដូររបស់ Everton ប៉ុន្ដែរូបគេត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយ Premier League។ ខ្ញុំមិនទាន់មើលឃើញថា គេបង្ហាញទម្រង់ល្អនៅឡើយទេ។

“នៅ Juventus គេមិនមែនជាកីឡាករនៅជម្រើសដំបូងនោះទេ ដោយសារត្រូវប្រជែងជាមួយ Ronaldo, [Mario] Mandzukic និង [Paulo] Dybala ចំណែកនៅ Everton គេជាខ្សែប្រយុទ្ធលេខលំដាប់លេខ១ ដូច្នេះគេត្រូវការបញ្ជាក់ពីសមត្ថភាពខ្លួនឯង។”

ប្រភព៖ Goal