អតីតគ្រូបង្វឹកអាល្លឺម៉ង់ សួរសំនួរចាក់ដោត ពាក់ព័ន្ធនឹងការផ្ទេរ Coutinho មកកាន់ Bayern Munich

អតីតគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Berti Vogts បានចោទជាសំណួរក្នុងការផ្ទេរខ្សែបម្រើ Philippe Coutinho មកកាន់ក្លឹប Bayern Munich ដោយនិយាយថា កីឡាករប្រេស៊ីលរូបនេះ លែងជាកីឡាករលំដាប់ពិភពលោកដូចពីមុនទៀតហើយ។

Coutinho បានផ្ទេរមកចូលរួមជាមួយ Bayern កាលពីថ្ងៃចន្ទកន្លងទៅ ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona ដោយក្រុមការពារជើងឯកលីគកំពូលអាល្លឺម៉ង់ អាចទិញផ្ដាច់ក្នុងតំលៃ ១៣៣លានដុល្លារ។

អតីតតារាឆ្នើមរបស់ Liverpool រូបនេះបានបង្ហាញខ្លួននៅលើទីលានបាន២២ប្រកួត កាលពីរដូវកាលមុន ហើយរូបគេត្រូវបានអ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយធ្វើការរិះគន់ចំពោះទម្រង់លេងរបស់គេ។

ហើយពាក់ព័ន្ធនឹងការផ្ទេររបស់ Coutinho មកកាន់ទឹកដី Allianz Arena អតីតគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Vogts បាននិយាយថា៖ “បើតាមការមើលឃើញដំបូង ការផ្ទេរខ្ចីជើង Coutinho គឺជាការចុះហត្ថលេខាដ៏ល្អមួយនៅ Bundesliga។

“ប៉ុន្ដែខ្ញុំចង់សួរមួយសំនួរថា៖ ហេតុអ្វីបានជាកីឡាករវ័យ២៧ឆ្នាំ ចាកចេញពីក្លឹបលំដាប់ពិភពលោកដូច Barcelona? ពីព្រោះគេបានបោះបង់ក្ដីសង្ឃឹមជោគជ័យនៅទីនោះ។ ប្រហែលជាគេមិនមែនជាកីឡាករលំដាប់ពិភពលោក ប៉ុន្ដែ ជាកីឡាករដែល ចាប់ផ្ដើមរដូវកាលថ្មី ហើយអាចអង្គុយកៅអីបម្រុងនៅ Barcelona។”

ប្រភព៖ Goal