អតីតមិត្តរួមក្រុមបិសាចក្រហម ឆ្លៀតបាញ់ Ronaldo ចំៗនៅថ្ងៃខួប ១៦ឆ្នាំសំរាប់ការចុះហត្ថលេខាជាមួយ Man United

អតីតខ្សែការពារឆ្នើម Patrice Evra បានធ្វើការឆ្លើយតបបែបកំប្លែង ទៅលើ Tweet ពាក់ព័ន្ធនឹងការរំឮកកាលពី១៦ឆ្នាំមុន ពេលដែលក្លឹប Manchester United ចុះហត្ថលេខាជាមួយនឹង Cristiano Ronaldo។

បន្ទាប់ពីកីឡាករព័រទុយហ្គាល់បង្ហាញភាពលេចធ្លោ នៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ទល់នឹងក្រុមបិសាចក្រហម ក្លឹបអង់គ្លេសមិនបង្អង់យូរ ក្នុងការនាំយករូបគេមកចូលរួម ហើយបានចំណាយ ១៨លានផោនអោយ Sporting Lisbon ជាថ្នូរនៃការដោះដូរ ក្នុងឆ្នាំ ២០០៣។

ហើយនៅក្នុងឆ្នាំ ២០០៦ Evra បានផ្ទេរមកកាន់ទឹកដី Old Trafford ហើយបានក្លាយជាមិត្តរួមក្រុមរបស់ Ronaldo ហើយពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងគ្នានិងគ្នា។

Evra បានចែករំលែក Tweet ដែលបានរំឮកដោយ Bleacher Report ជាមួយនឹងការលេងពាក្យបែបកំប្លែងថា៖ “គេគឺជាម៉ាស៊ីន!! សូមកុំទៅផ្ទះរបស់គេដើម្បីទទួលទានអាហារថ្ងៃត្រង់ វាដូចជាទៅចូលរួមហ្វឹកហាត់ម្ដងទៀតអ៊ីចឹង!”

ប្រភព៖ talkSPORT