អតីតមេធំ Hoeness ចង់ឃើញកីឡាករឆ្នើមពីររូប ផ្ទេរមកកាន់ Bayern Munich

អតីតប្រធានក្លឹប Bayern Munich លោក Uli Hoeness បានមើលឃើញទុកមុនថាកីឡាករឆ្នើមបច្ចុប្បន្នពីររូបគឺ Leroy Sane និង Kai Havertz អាចនឹងផ្ទេរមកកាន់ក្លឹបកំពូលតារាង Bundesliga។

Bayern មានទំនុកចិត្តខ្ពស់ ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធស្លាប Sane ពីក្លឹប Man City សម្រាប់ការដោះដូរនាពេលខាងមុខ បន្ទាប់ពីការចរចាកន្លងមកត្រូវបានខកខាន ដោយសារតារាឆ្នើមរូបនេះមានបញ្ហារបួស។

អតីតប្រធានក្លឹប Bayern លោក Hoeness មានក្ដីរីករាយសម្រាប់ដំណឹងនៃការផ្ទេររបស់ Sane មកកាន់ទឹកដី Allianz Arena នៅក្នុងសករាជថ្មីនាពេលអនាគត។

លោកបានថ្លែងប្រាប់ BR ថា៖ “ខ្ញុំជឿជាក់ថា យើងស្ថិតនៅការចាប់ផ្ដើមនៃជំនាន់ដ៏អស្ចារ្យ។ នៅពេលដែលយើងគិតថា យើងបានរៀបចំបន្ដកុងត្រាជាមួយ Manuel Neuer ហើយយើងមាន Joshua Kimmich, Niklas Sule, Robert Lewandowski ហើយមានក្ដីរំពឹងខ្ពស់សម្រាប់ការយល់ព្រមកុងត្រាថ្មីជាមួយ David Alaba និង Thiago Alcantara ហើយខ្ញុំក៏សង្ឃឹមផងដែរជាមួយ Leroy Sane, Kingsley Coman, Serge Gnabry ដែលជាកីឡាករវ័យក្មេងអាចអភិវឌ្ឍក្រុមបាន។”

លោកបានបន្ដថា៖ “យើងពិតជាពេញចិត្តក្នុងការនាំយក Kai Havertz។ ប៉ុន្ដែនៅពេលនេះ ពុំទាន់ដឹងប្រាកដពីអនាគតនៃសេដ្ឋកិច្ចបាល់ទាត់ទាំងអស់នៅឡើយ។ ខ្ញុំចង់ឃើញគេលេងនៅ Munich ប៉ុន្ដែមិនមែននៅពេលនេះទេ ទោះយ៉ាងណាក្ដីខ្ញុំចង់ឲ្យគេលេងនៅទីនេះ។”

ប្រភព៖ Goal