អត់មានគ្រាប់បាល់បីប្រកួត Real Madrid ចង់បានកំពូលអ្នករកគ្រាប់បាល់ម្នាក់មកពីអង់គ្លេស

ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានភាគរយខ្ពស់ ក្នុងការក្លាយជាអ្នកទទួលខុសត្រូវក្នុងការរកគ្រាប់បាល់ថ្មី សំរាប់ក្លឹប Real Madrid។

បរាជ័យរបស់ក្រុម Tottenham ក្នុងជំនួបទល់នឹង Barcelona នៅទឹកដី Wembley បានផ្ដល់ក្ដីសង្ឃឹមដល់ Real Madrid ដែលអាចនឹងចុះហត្ថលេខាទិញយក Kane បាននៅខែមករាខាងមុខ។

នេះក៏ដោយសារតែ Spurs ប្រហែលជាមិនអាចឆ្លងផុតវគ្គចែកពូលនៅ Champions League នោះទេ ហើយរូបគេអាចនឹងមានបំណងផ្ទេរមក Real Madrid ដើម្បីអាចលេងបន្ដនៅវគ្គ knockout។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ តែងតែរកគ្រាប់បាល់សឹងតែគ្រប់ការប្រកួត ខណៈដែល Madrid មានបញ្ហាក្នុងការរកគ្រាប់បាល់ ៣ប្រកួតជាប់ៗគ្នាកន្លងមកនេះ ហើយរូបគេអាចជាអ្នកជំនួស Ronaldo ក្នុងការរកគ្រាប់បាល់អោយក្លឹប នេះបើយោងតាមកាសែតអេស្ប៉ាញ Mundo Deportivo។

គួររំលឹកថា Kane បានបន្ដកុងត្រា៦ឆ្នាំបន្ថែមសំរាប់ Spurs ដែលបង្ហាញថា ការផ្ទេរចេញហាក់ពិបាកទៅរួច ប៉ុន្ដែ បញ្ហាគ្មានគ្រាប់បាល់របស់ ក្លឹបអធិរាជស អាចនឹងបង្ខំអោយពួកគេត្រូវចាយលុយធំទិញយក តារាឆ្នើមរូបនេះមកជួយក្រុម៕

ប្រភព៖ Be Soccer