អត់​ចាវ​ទេ! James ​ចេញ​សារ​ព្រមាន Liverpool ​មុន​ត្រូវ​តតាំង​គ្នា​នៅ​ Champions League

ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ទៀត​ក្លឹប​ហង្ស​ក្រហម​នឹង​ត្រូវ​តតាំង​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ក្នុង​ជំនួប​វគ្គ ១៦ ​ក្រុម​ UCL។ ជើង​ទី​ ១ ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ទឹក​ដី Merseyside របស់​ក្រុម​អង់គ្លេស ក៏​ស្រាប់​តែ​មុន​នេះ​មាន​ការ​ផ្ទុះ​នូវ​ពាក្យ​សម្តី​មួយ​ចំនួន​ចេញ​ពី​កីឡាករ​ឆ្នើម James Rodriguez។

អតីត​តារា​ឆ្នើម​ធ្លាប់​លេង​ឲ្យ​ស្តេច​ស​បាន​ប្រាប់​ SportBild ដូច្នោះ​ថា៖ “ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​រវាង Liverpool ​ដោយ​អ្នក​មិន​អាច​បង្កើត​កំហុស​ក្នុង​ប្រកួត​បែប​នេះ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​អាចបង្កើត​បញ្ហា​ដល់ Liverpool បាន”។

កីឡាករ​កំពុង​ល្ហិចល្ហៀង​មាន​ចចាមអារ៉ាម​ផ្លាស់​មក​ PL បន្ត​ថា៖ “យើង​មាន​ក្រុម​ដ៏​ល្អ​មួយ ដែល​គ្រប់គ្រាន់​ល្មម​ឆ្លង​ផុត​វគ្គ​ ១៦ ក្រុមនេះ​បាន”។ កន្លង​ទៅ Bayern ក៏​ទើប​តែ​យក​ឈ្នះ​លើ​ក្លឹប Schalke 04 ដែល​ត្រូវ​ប៉ះ Man City ក្នុង​លទ្ធផល ៣-១ ​ដែល James ក៏​មាន​ឈ្មោះ​នៅ​ជម្រើស ១១ នាក់​ដំបូង​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​របួស​កន្លង​ទៅ​ដែល James ត្រូវ​សម្រាក​ជាង​បី​ខែ លោក​បន្ត​ថា៖ “ខ្ញុំ​គិត​ថា​ខ្ញុំ​លេង​បាន​ល្អ​ពេល​ប៉ះ Schalke ​ដោយ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​គ្រប់​ពេល​ហើយ ថ្វី​បើ​កន្លង​ទៅ​ខ្ញុំ​ខកខាន​ប្រកួត​ជិត​បី​ខែ​ក៏​ពិត​មែន”។

ប្រភព:DailyStar

មតិយោបល់