អនាគតរបស់ James នៅ Bayern អាចនឹងផ្លាស់ប្ដូរ ក្រោយរឿងចំរូងចំរាស់មួយផ្ទុះឡើង

អ្នកចាត់ការថ្មីរបស់ក្លឹប Bayern Munich លោក Niko Kovac ទើបតែដឹកនាំក្រុមប៉ុន្មានខែកន្លងទៅ ពេលនេះទទួលបានលទ្ធផលអវិជ្ជមាន ដោយខ្សែបម្រើ James Rodriguez បានរិះគន់រូបលោក ដោយបានបញ្ជាក់ថា លោកមិនមែណនៅដឹកនាំក្លឹប Eintracht Frankfurt ទៀតនោះទេ។

លោក Kovac បានមកដឹកនាំក្លឹបយក្សអាល្លឺម៉ង់ កាលពីរដូវក្ដៅ បន្ទាប់ពីពីបានដឹកនាំក្រុម Frankfurt ទទួលបានលទ្ធផលគាប់ប្រសើរ ដោយបានឈ្នះពាន German Cup នឹងមានឱកាស ប្រកួតវគ្គជម្រុះ Champions League ទៀតផង។

បើតាមការរាយការណ៍របស់កាសែតអាល្លឺម៉ង់ BILD បានបញ្ជាក់ថា ខ្សែបម្រើដែល Bayern បានខ្ចីជើងពី Real Madrid បានរិះគន់គ្រូបង្វឹកថ្មីរបស់ក្លឹប នៅបន្ទប់ផ្លាស់សំលៀកបំពាក់។

James បានស្រែកថា៖ “យើងមិនមែនជា Frankfurt ទេ។”

បញ្ហានេះកើតឡើងបន្ទាប់ពី អតីតតារាឆ្នើម Porto រូបនេះ មិនបានចូលលេងក្នុងជំនួបទល់នឹងក្រុម Augsburg ដែលបញ្ចប់ក្នុងលទ្ធផល ១-១ មុនពេលដែលរូបគេត្រូវអង្គុយកៅអីបម្រុង ក្នុងការប្រកួតទល់នឹង Ajax នៅ Champions League។

ក្រៅពីនេះ ក៏មានការខ្សឹបខ្សៀវផងដែរថា កីឡាករមួយចំនួនមិនសប្បាយចិត្ត ជាមួយលោក Kovac ផងដែរ ដោយគ្រូបង្វឹករូបនេះ និយាយតែជាមួយនឹងបុគ្គលិកខាងផ្នែកដឹកនាំក្រុមសញ្ជាតិក្រូអាត ជាងបុគ្គលិកអាល្លឺម៉ង់។

យ៉ាងណា កីឡាករនៅក្នុងក្រុម បានយល់ថាគ្រូបង្វឹកចង់អោយកីឡាករឆ្នើមៗមានពេលសំរាកខ្លះ ប៉ុន្ដែកីឡាករមួយចំនួនទៀត បានបង្ហាញអាម្មណ៍មិនសប្បាយចិត្ត ក្រោយមិនសូវបានចូលលេងសំរាប់រដូវកាលថ្មីនេះ។

ហើយកីឡាករសំខាន់ ដែលមាន James នៅក្នុងនោះផងដែរ មានពេលអង្គុយកៅអីបម្រុងច្រើនជាងពេល ចូលលេងលើទីលាន ហើយយើងចាំមើលថា ការប្រកួតនៅថ្ងៃសៅរ៍ទល់នឹងក្រុម Borussia Monchengladbach គ្រូបង្វឹក Kovac នឹងសម្រេចចិត្តបែបណា៕

ប្រភព៖ Marca