អនាគតរបស់ Pochettino អាចជះឥទ្ធិពលដល់ អនាគតរបស់កីឡាករឆ្នើមមួយរូប របស់ Spurs

ខ្សែបម្រើ Moussa Sissoko បានអះអាងថា រូបគេរីករាយនឹងតំណែងរបស់ខ្លួន ជាមួយនឹងក្រុម Tottenham ប៉ុន្ដែអ្វីគ្រប់យ៉ាង អាចកើតមានឡើងមិន ដោយមិននឹកស្មានដល់ចំពោះបាល់ទាត់។

កីឡាករសញ្ជាតិបារាំងរូបនេះ បានរួមចំណែកជួយអោយក្រុមមាន់ខ្នាយ ឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពីបានបង្ហាញភាពលេចធ្លោក្រោមការដឹកនាំរបស់លោក Mauricio Pochettino ចាប់តាំងពីផ្លាស់មកកាន់ Newcastle កាលពីឆ្នាំ ២០១៦។

សំរាប់រដូវកាល ២០១៨/១៩ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមរបស់ខ្លួន អោយឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ UCL លើកដំបូងប្រចាំប្រវត្តិសាស្ដ្ររបស់ក្លឹប ក៏ដូចជាបញ្ចប់រដូវកាលជាមួយតំណែង Top 4 នៅ Premier League ផងដែរ។

Sissoko បាននិយាយថា រូបគេរីករាយនឹងការរស់នៅទីក្រុងឡុងដ៍ ព្រោះគ្រប់យ៉ាងនៅទីនោះ ហាក់មានភាពល្អប្រសើរសំរាប់រូបគេ ប៉ុន្ដែមិនអាចធានាថា រូបគេអាចរួមរស់ជាមួយនឹង Spurs សំរាប់រដូវកាលក្រោយៗទៀតឬយ៉ាងណា បាននៅឡើយទេ។

អនាគតរបស់គេ ក៏អាស្រ័យទៅនឹងគ្រូបង្វឹក Pochettino ផងដែរ ខណៈដែលបច្ចុប្បន្ន គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា រូបលោកជាបេក្ខភាពមួយរូប ដែលសក្ដិសមជំនួសតំណែងលោក Massimiliano Allegri ដែលបានសំរេចចិត្តចាកចេញពី Juventus នៅចុងរដូវកាលនេះ។

ហើយបើមានគ្រូបង្វឹកថ្មី ចូលខ្លួនមកដឹកនាំ ហើយរូបគេមិនស្ថិតនៅក្នុងគំរោងរបស់គ្រូបង្វឹករូបនេះ គេអាចនឹងឈានដល់ការចែកផ្លូវគ្នា ជាមួយនឹងក្លឹបជាក់ជាមិនខាន៕

ប្រភព៖ Goal