អនាគត​មិន​ប្រាកដប្រជា តែ De Ligt ​ប្រាប់​មុន​ថា​នៅ Barca ​ខ្លួន​ស្រលាញ់ ២ រូប​នេះ​ខ្លាំង​បំផុត

កំពុង​មាន​ដំណឹង​ប្រទាក់ប្រទាញ​ជុំវិញ​ការ​ចង់​បាន​ Matthijs de Ligt ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដោយ​សម្រាប់ Juventus កន្លង​ទៅ​មាន​ការ​បញ្ជាក់​ថា​ Ronaldo បាន​ហៅ De Ligt ទៅ​ចូលរួម​ដោយ​ផ្ទាល់ ខណៈ United ​បាន​ដាក់​សំណើរ​ថ្លៃ​ពលកម្ម ៣៥០ ០០០ ផោន/សប្តាហ៍​ដល់​យុវជន​វ័យ ១៩ ឆ្នាំ។ រី​ឯ Barcelona តាម​តោងទាម​ឥត​ឈប់​ចង់​យក​មក​រួម​ជើង​ជាមួយ Frenkie de Jong។

ត្បិត​មិន​ទាន់​មាន​ចម្លើយ​ថា​នឹង​ជ្រើស​ចូលរួម​ជាមួយ​ក្លឹប​ណា​ឲ្យ​ពិត​ប្រាកដ តែ​យុវជន​មាន​តម្លៃ​ខ្លួន​ប្រមាណ ៧៥ លាន​អឺរ៉ូ​រូប​នេះ បាន​ប្រាប់ Mundo Deportivo ដូច្នោះ​ថា៖ “Barcelona ​មាន​ប្រព័ន្ធ​ការពារ​ល្អ ​ហើយ​តាម​ពិត​ទៅ​វា​ពិត​ជា​រីករាយ​ប្រសិន​ណា​បាន​លេង​ជាមួយ De Jong និង Messi នៅ Barca តែ​ខ្ញុំ​ចាំ​បាច់​ត្រូវ​យក​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ”។

គួរ​បញ្ជាក់​ថា De Jong បាន​ព្រមព្រៀង​លើ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ Barce តាំង​ពី​ខែ​មករា ឆ្នាំ ២០១៩។ ចំពោះ​តម្លៃ​ខ្លួន​របស់​យុវជន​ទាំង​ពីរ​រូប​នេះ​ប្រសិន​អាច​លក់​ចេញ​ទៅ​កាន់​ក្លឹប​យក្ស សុទ្ធ​សឹង​តែ​អាច​កើប​ផល​ចំណេញ​រាប់​សិប​លាន ព្រោះ​ម្នាក់ៗ​សុទ្ធ​មាន​ដើម​កំណើត​ចេញ​ពី​ថ្នាលយុវជន​ខ្លះ​គ្មាន​ឲ្យ Ajax ​ត្រូវ​ចាយ​លុយ​សូម្បី​មួយ​រៀល។

ប្រភព:Metro