អបអរសាទរ! Ajax ឈ្នះពានលីគកំពូលហូឡង់ទី ៣៤ ក្រោយយកឈ្នះ De Graafschap

Ajax បានបញ្ចប់រដូវកាលរបស់ខ្លួនជាមួយនឹងពានលីគកំពូលហូឡង់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៤មក បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹក Erik ten Hag បានយកឈ្នះក្រុម De Graafschap ដោយលទ្ធផល ៤-១ សំរាប់ប្រកួតបិទរដូវកាល។

គ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធ Dusan Tadic បន្ទាប់ពី Lasse Schone និង Nicolas Tagliafico រកបានម្នាក់មួយគ្រាប់សមល្មមអោយក្រុមកំពូលតារាង Eredivisie ទទួលបានពិន្ទុដើម្បីធានាយកពានទី៣៤របស់ពួកគេ ខណៈដែលក្រុមម្ចាស់ផ្ទះវាយបកបានមួយគ្រាប់ដោយកីឡាករ Youssef el Jebli។

ទោះបីជា ក្លឹបទទួលបានភាពជោគជ័យគួរអោយភ្ញាក់ផ្អើលក៏ពិតមែន ប៉ុន្ដែកីឡាករឆ្នើម Frenkie de Jong បានសំរេចផ្ទេរទៅកាន់ Barcelona ខណៈដែល ប្រធានក្រុម Matthijs de Ligt ក៏អាចនឹងចាកចេញនៅរដូវក្ដៅនេះផងដែរ។

គួររំលឹកថា Ajax កៀកនឹងកក់កៅអីសំរាប់វគ្គផ្ដាច់ព្រ័ត្រ Champions League ទៅហើយ ប៉ុន្ដែគ្រាប់បាល់ហេតទ្រីគរបស់ Lucas Moura បានទំលាក់ក្រុមជើងខ្លាំងហូឡង់មួយនេះ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ចំនេញក្រៅដី៕