អវត្តមានថ្ងៃប្រគល់ពាន Ballon d’Or ដោយសារ Ronaldo រវល់ទៅចូលរួមទទួលពានផ្សេងទៀត

Cristiano Ronaldo បានអវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅពេលដែលគូប្រជែងរបស់គេ Lionel Messi បានឈ្នះពាននេះលើកទី៦ នៅក្នុងអាជីពរបស់ខ្លួន។

Ronaldo ឈរនៅចំណាត់ថ្នាក់លេខ៣ តាមពីក្រោយ Messi និង ខ្សែការពារហង្សក្រហម Virgil van Dijk ប៉ុន្ដែបើតាមការលើកឡើងរបស់ភ្នាក់ងារកីឡាករលោក Jorge Mendes បានបញ្ជាក់យ៉ាងច្បាស់ថា នរណាជាកីឡាករល្អបំផុតនៅក្នុងពិភពបាល់ទាត់។

ខណៈដែល Messi, Megan Papinoe, Alisson Becker និង Matthijs de Ligt ទទួលពានរង្វាន់រៀងៗខ្លួននៅប៉ារីស Ronaldo បានធ្វើដំណើរទៅទីក្រុង Milan ដើម្បីទទួលពាន កីឡាករល្អបំផុត និង​ ខ្សែប្រយុទ្ធល្អបំផុត សំរាប់ Serie A នៅ Gala del Calcio។

នៅក្នុងកម្មវិធីនោះ ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានចូលរួមជាមួយនឹងមិត្តស្រី Georgina Rodriguez និង ភ្នាក់ងាររបស់ខ្លួនគឺលោក Mendes ដែលត្រូវបានចោទសួរពីអវត្តមានរបស់ Ronaldo ថ្ងៃទទួលពាន Ballon d’Or។

លោក Mendes ឆ្លើយប្រាប់ អ្នកសារព័ត៌មានថា៖ “Cristiano Ronaldo គឺជាកីឡាករល្អបំផុត ហើយអ្នកក៏ដឹងរឿងនេះដែរ។”

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ Van Dijk ឆ្លើយយ៉ាងឡូយ ក្រោយសួរថាមិនសូវភ័យ ពេលអវត្តមាន Ronaldo ថ្ងៃទទួលពាន Ballon d’Or

Virgil van Dijk បានលើកឡើងថា រូបគេពុំបានចាត់ទុក Cristiano Ronaldo ជាគូប្រជែងសំរាប់ពាន Ballon d’Or 2019 ឡើយ។

ខ្សែការពារហូឡង់រូបនេះ ជាបេក្ខភាពមួយ ដែលមានភាគរយខ្ពស់ក្នុងការប្រជែងពានរង្វាន់កីឡាករល្អបំផុត ដែលរៀបចំឡើងដោយកាសែតបារាំង ប៉ុន្ដែបានត្រឹមលេខ២ ដោយអ្នកឈ្នះគឺ Lionel Messi។

ប៉ុន្ដែនៅពេលត្រូវបានចោទសួរថា៖ “Cristiano មិនមកចូលរួមនៅទីនេះ នាយប់នេះឡើយ ដូច្នេះមានគូប្រជែងម្នាក់ ដែលមិនត្រូវសូវមានការព្រួយបាម្ភ។”

Van Dijk បានឆ្លើយតបថា៖ “តើ Cristiano Ronaldo ពិតជាគូប្រជែងរបស់ខ្ញុំមែនទេ?”

គួរបញ្ជាក់ថា Messi បានក្លាយជាម្ចាស់ពាន Ballon d’Or ដែលជាពានទី៦នៅក្នុងអាជីពរបស់ខ្លួន។ នៅក្នុងកម្មវិធីនេះ ខ្សែបម្រើ Luka Modric បានកាន់ពានកីឡាករល្អបំផុតប្រចាំឆ្នាំមួយ ទៅឲ្យប្រធានក្រុម Barcelona បន្ទាប់ពីរូបគេបានកាន់វាកាលពីឆ្នាំមុន។

ការបោះឆ្នោតត្រូវបានបញ្ចប់ហើយ Messi ត្រូវបានជ្រើសរើសជាកីឡាករនាំមុខ សំរាប់ការប្រជែងពាន Ballon d’Or បន្ទាប់ពីខកខានលើកពាននេះ ចាប់តាំងពីឆ្នាំ ២០១៥ មក។

ខ្សែប្រយុទ្ធអាហ្សង់ទីន បាននាំមុខខ្សែការពារ Virgil van Dijk បើទោះបីជាកីឡាករហូឡង់ បានជួយឲ្យ Liverpool លើកពាន Champions League ហើយជួយជម្រើសជាតិរបស់ខ្លួន ដល់វគ្គផ្ដាច់ព្រ័ត្រពាន UEFA Nations League ផងដែរ។

ដោយឡែកគូប្រជែងពានកីឡាករល្អបំផុតជាមួយ Messi ក្នុងរយៈពេលជាង១០ឆ្នាំគឺ Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ៣៕

ប្រភព៖ Marca