អស់​ពី PSG ទៅ Alves ​ថា​មាន​តែ​ក្លឹប​មួយ​នេះ​ទេ​ដែល​ខ្លួន​ចង់​ទៅ​ចូលរួម

ខ្សែ​ការពារ​ឆ្នើម Dani Alves ​បាន​ជជែក​ដល់​អនាគត​របស់​ខ្លួន បន្ទាប់​ពី​ក្លឹប Paris Saint-Germain ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​នៅ​ការ​ប្រកួត UEFA Champions League។

ត្បិត​មិន​បង្ហើប​ដល់​ការ​ចាកចេញ​ពេញៗ​មាត់ ប៉ុន្តែ Alves ​នៅ​តែ​និយាយ​ម្តង​ហើយ​ម្តង​ទៀត ពី​ទ្រនំ​នៃ​ក្លឹប​យក្ស FC Barcelona ដែល​ទំនង​ជា​លោក​គិត​ថា​អាច​នឹង​វិល​ទៅ​ចូលរួម​នៅ​ទី​នោះ​ក្នុង​ថ្ងៃ​ខាង​មុខ។

ប្រាប់ Diario Sport ​ខ្សែ​ការពារ​រូប​នេះ​ប្រាប់​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​គ្រប់​គ្នា​នៅ PSG និង​បុគ្គល​ដែល​ជា​ចំណែក​នៅ​ក្លឹប ប៉ុន្តែ​និយាយ​ដោយ​ត្រង់​ទៅ​យើង​មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក ខណៈ​ដែល​ខ្ញុំ​ត្រូវ​ការ​ក្រុម​មួយ​ដែល​យល់​ច្បាស់​ពី​ការ​ប្រកួតប្រជែង​ដើម្បី​សម្រេច​បាន​គោលដៅ”។

ដោយ​មិន​បញ្ជាក់​ពី​ការ​គ្រោង​ចាកចេញ​ឬ​អត់ Alves បន្ត៖ “ឥឡូវ​ខ្ញុំ​ផ្តោត​លើ​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ នៅ Copa America ​ហើយ​ខ្ញុំ​អាច​នឹង​សម្រេច​ពី​អនាគត​របស់​ខ្ញុំ​ថា​នឹង​បន្ត​ឬ​ចាកចេញ ពោល​គឺ​អនាគត​ខ្ញុំ​ក៏​សំខាន់​លើ​សំណើរ​ដែល​គេ​ទម្លាក់​មក​ដូច​គ្នា”។

ក្នុង​បទសម្ភាសន៍​ដដែល​កីឡាករ​ប្រេស៊ីល​និយាយ​បែប​បញ្ឆិតបញ្ឆៀង៖ “Barca ជា​ផ្ទះ​របស់​ខ្ញុំ ដោយ​ខ្ញុំ​តែងតែ​និយាយ​បែប​នេះ ខ្ញុំ​ស្រលាញ់​ក្លឹប Barca និង​មនុស្ស​រាល់​គ្នា​នៅ​ទី​នោះ”។

ប្រភព:9SportPro