[អាប់ដែត​ថ្មី] Spurs ឈរ​ត្រឹម​លេខ ៤ ខណៈ​ក្រុម​ ២ នេះ​សង្ឃឹម​ខ្ពស់​ជាង​គេ​អាច​លើក​ពាន CL

ក្រោយ​ចម្រាញ់​យក​បាន ៤ ក្រុម​ដែល​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ យោង​តាម​ទិន្នន័យ​ចេញ​ពី FiveThiryEight ដែល​ធ្វើ​ការ​អាប់ដែត​ថ្មី​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ថា​ហង្ស​ក្រហម​ Liverpool បាន​ឈរ​ភាគរយ​ដាច់​គេ​ជា​ក្រុម​មាន​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន CL រដូវ​កាល ២០១៨/១៩។

ក្នុង​នោះ Tottenham ដែល​យក​ឈ្នះ City ទាំង​ប្រផុតប្រផើយ​មាន ១៥ ភាគរយ​នឹង​ឈ្នះ​ពាន ស្រប​ពេល Ajax ដែល​ទម្លាក់ Juve មាន ១៦ ភាគរយ។ ក្រុម​ខ្លាំង​ដាច់​គេ​ ២ មាន Barcelona សង្ឃឹម​ខ្ពស់ ៣៤ ភាគរយ ហើយ Liverpool ដែល​លុត Porto មិន​សំចៃ​ដៃ​មាន ៣៥ ភាគរយ។

បញ្ជាក់​ថា​នា​ជើង​ទី ១ ​ធ្វើ​ឡើង​ចុង​ខែ​មេសា​នេះ Liverpool នឹង​ត្រូវ​ណាត់​ជួប Barcelona ខណៈ Ajax ត្រូវ​ស្វាគមន៍ Tottenham ហើយ​ជើង​ទី ២ វគ្គ​កាត់​សេចក្តី​បញ្ចប់​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៧ ឧសភា ដោយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រេច​ធ្វើ​ឡើង​នា​ដើម​ខែ​មិថុនា។

ប្រភព: FiveThirtyEight