អី​យ៉ាស! Marcelo ​លាន់​មាត់​សរសើរ Juve ​និង​ថាផ្តើម​ចាប់ចិត្ត​ក្រុម​នេះ​​ដោយ​សារ​បុគ្គល​ម្នាក់

ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប Real Madrid គឺ​កីឡាករ Marcelo បាន​លាន់​មាត់​សរសើរ​ក្រុម​សេះ​បង្កង់​ថា​ជា​ក្លឹប​បាល់ទាត់​ដ៏​ល្អ​ហួស​ប្រមាណ​មួយ ស្រប​ពេល​ដែល​ចចាមអារ៉ាម​របស់​ខ្លួន​ត្រៀម​ផ្លាស់​ទៅ Turin កំពុង​តែ​បន្ត​កើត​មាន។

  

បុរស​សញ្ជាតិ​ប្រេស៊ីល​ក៏​បាន​បង្ហើប​ថា​ខ្លួន​ចាប់​ផ្តើម​តាម​មើល​ Juve ​គ្រា​ដែល​កីឡាករ Nedved នៅ​លេង​ឲ្យ​ក្រុម​នោះ ហើយ​ថែម​ទាំង​មាន​ការ​ដោះដូរ​អាវ​ជាមួយ​គ្នា​ទៀត​ផង។ យ៉ាងណាមិញ​ជុំវិញ​ព័ត៌មាន​ជាក់ច្បាស់​រឿង​ដើរ​ចេញ​ពី​អេស្ប៉ាញ​ត្រូវ​បាន Marcelo កាត់​ថា៖ “ប៉ុន្តែ​សព្វថ្ងៃ​ខ្ញុំ​នៅ Real Madrid និង​មាន​កុងត្រា​ដល់​ខែ​មិថុនា​ ឆ្នាំ ២០២២ ​ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​តើ​រឿង​នេះ​ចេញ​ពី​ប្រភព​ណា ព្រោះ​ប្រសិន​មាន​កិច្ច​ព្រមព្រៀង​ច្បាស់លាស់ ខ្ញុំ​ក៏​នឹង​និយាយ​ដោយ​ត្រង់​ដែរ”។

បច្ចុប្បន្ន​អំឡុង​លេង​ឲ្យ​ស្តេច​ស ខ្សែ​ការពារ​វ័យ ៣០ ឆ្នាំ​ហាក់​ពុំ​បាន​ក្លាយ​ជា​គ្រាប់​ពេជ្រ​លើ​ទីលាន​ប្រកួត​ទៀត​ឡើយ ព្រោះ​លោក Santiago Solari រមែង​សម្លឹង​ឃើញ​ខ្សែ​ការពារ​វ័យ​ក្មេង Sergio Reguilon ដាក់​ជំនួស​តំណែង ១១ នាក់​របស់ Marcelo ជា​ញឹកញាប់។

ប្រភព:Calciomercato

មតិយោបល់