ឥទ្ធិពល Ronaldo ធ្វើ​ឲ្យ Juve ចង់​កើប​ចំណូល ១០ លាន​អឺរ៉ូ/ឆ្នាំ​បន្ថែម​ទៀត​ពី​ផ្នែក​សំខាន់​មួយ

ដោយ​ឃើញ​ឥទ្ធិពល​ Cristiano Ronaldoនៅ​ក្នុង​វិស័យ​បាល់ទាត់​បន្ត​ទទួល​ប្រជាប្រិយភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្លឹប Juventus ក៏​ឆ្លៀត​រុករក​គ្រប់​មធ្យោបាយ​ក្នុង​ការ​កើប​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

របាយការណ៍​ពី​សារព័ត៌មាន Tuttosport បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស​នៅ Serie A កំពុង​បង្កើន​ចំណូល​ដល់​ទៅ​ខ្ទង់​ ១០ លាន​អឺរ៉ូ/ឆ្នាំ​បន្ថែម​ទៀត តាម​រយៈ​ការ​ចុះ​កុងត្រា​ទទួល​ម្ចាស់​ឧបត្ថម្ភ​លើ​ផ្នែក​ដៃ​អាវ ប្រហាក់ប្រហែល​ទៅ​នឹង​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ដែល Arsenal ទទួល​បាន​ពី​ក្រុមហ៊ុន Rwanda Tourist Board។

សម្រាប់​ក្របខ័ណ្ឌ Serie A មាន​តែ​ក្លឹប​ ៥ ប៉ុណ្ណោះ​ដែល​មាន​ដៃ​គូ​សហការ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​លើ​ផ្នែក​ដៃ​អាវ ដោយ​មាន Empoli ដំបូង​គេ​បង្អស់ បន្ទាប់​មាន Torino, Fiorentina, SPAL និង Atalanta ជា​ដើម។

Juventus ឯ​ណេះ​វិញ​ក៏​នឹង​អាច​ធ្វើ​ទៅ​បាន​ដូច​គ្នា ប៉ុន្តែ​ក្នុង​គោលដៅ​ឆ្មក់​យក​លុយ​ធំ ខណៈ​ដែល​បច្ចុប្បន្ន​ម្ចាស់​ឧបត្ថម្ភ​ស្រាប់​សម្រាប់​ឈុត​សំលៀកបំពាក់​គឺ Adidas ផ្តល់​ចំណូល​ដល់ Juve ប្រមាណ ៥៨ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ជា​ផ្នែក​នេះ​ភាគី​ទាំង​សងខាង​កំពុង​ពិភាក្សា​គ្នា​លើ​ការ​បន្ត​កុងត្រា​ដល់​ឆ្នាំ ២០២៧ ផង​ដែរ។

ប្រភព:Goal