១ គ្រាប់​របស់​វៀតណាម​នៅ King’s Cup ធ្វើ​ឲ្យ​ក្រុម​ដំរី “ថៃ” របូត​ប្រាក់​រង្វាន់​ដល់​ទៅ…

នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ King’s Cup ឆ្នាំ ២០១៩ ​នេះ ក្រុម​នាគ​មាស​វៀតណាម​បាន​យក​ឈ្នះ​នៅ​លទ្ធផល ១-០ ដោយ​បាល់​ចុង​ម៉ោង​ទៅ​លើ​ក្រុម​ដំរី​ថៃ។

 

យ៉ាងណាមិញ​យោង​តាម​សារព័ត៌មាន Siam Sport ​ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​មុន​ពេល​ប្រកួត​ថា​ប្រសិន​ណា​ក្រុម​ថៃ​អាច​យក​ឈ្នះ នោះ​សមាគម​បាល់ទាត់​ប្រចាំ​ប្រទេស​នឹង​មាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​សរុប​គឺ ១០ លាន​បាត​ដែល​ស្មើ​នឹង​ជាង ៣ សែន​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​ទាំង​មូល។

ផ្ទុយ​ទៅ​វិញ​ប្រាក់​ជាង ៣ សែន​ដុល្លារ​ត្រូវ​បាន​បាត់បង់​នៅ​បាល់​ចុង​តង់ បន្ទាប់​ពី​អ្នកចាំទី Kawin បាន​បង្កើត​កំហុស។ ជុំវិញ​លទ្ធផល​បរាជ័យ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​របស់​ថៃ​ហាក់​មាន​ការ​ហួស​ចិត្ត​ជា​ខ្លាំង រហូត​ចេញ​ជា​ចំណង​ជើង​ធំ​មួយ​ថា៖ “ប្រទេស​ថៃ​ទាំង​មូល​បាន​ភ្ញាក់ផ្អើល កាល​ដែល​វៀតណាម​អាច​យក​ឈ្នះ​ថៃ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ King’s Cup បាន​ជា​ផ្លូវការ”។

នៅ​ថ្ងៃ​ទី ៨ ​មិថុនា​ខាង​មុខ​នឹង​មាន​ការ​សម្រេច​ក្រុម​ឈ្នះ​ជើង​ឯក​ដោយ​វៀតណាម​ត្រូវ​តតាំង​ក្រុម​កូរ៉ាកៅ ស្រប​ពេល​ម្ចាស់​ផ្ទះ​ថៃ​ត្រូវ​ជួប​ឥណ្ឌា​តតាំង​យក​តំណែង​លេខ ៣ និង​លេខ ៤។

ប្រភព:Zing | Siam Sport