៦ ក្រុមនៅអឺរ៉ុប ដែលបញ្ចប់រដូវកាលមិនស្គាល់ពាក្យថា “ចាញ់” (តែមានក្រុមមួយមិនបានឈ្នះពាន)

ការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុបតែងទទួលបានការគាំទ្រជាងតំបន់ផ្សេងៗនៅក្នុងពិភពលោក ជាពិសេសទៅទៀតនោះគឺក្នុងលីគកំពូលទាំង ៥ ផ្ទាល់តែម្ដង។ ដោយឡែក សម្រាប់វីដេអូនេះ CamboTrends នឹងធ្វើការជីកកកាយនាំយកក្រុមខ្លាំងៗនៅបាល់ទាត់តំបន់អឺរ៉ុបដែលធ្លាប់បានបញ្ចប់រដូវកាលយ៉ាងរលូន ដោយមិនស្គាល់ភាពបរាជ័យសូម្បីតែមួយប្រកួត។

រូបតំណាង 

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមទាំង ៦ នៅលីគកំពូលអឺរ៉ុបដែលមិនធ្លាប់ទទួលរងបរាជ័យ និងបញ្ចប់រដូវកាលជាមួយពានរង្វាន់ តែក៏មានក្រុមមួយដែលខកខានក្លាយជាជើងឯក៖

១. Atletic Bilbao

Atletic Bilbao ១៩២៩/៣០

ក្រុម Atletic Bilbao គឺជាអ្នកបើកទំព័រប្រវត្តិសាស្ត្រដំបូងបំផុតនៅក្របខណ្ឌ La Liga ដែលប្រកួតមិនដែលចាញ់នៅរដូវកាល ១៩២៩/៣០ ដែលកាលនោះមានត្រឹមតែ ១០ ក្រុមប៉ុណ្ណោះបើគិតទាំងក្រុមខ្លួន។ ការទទួលជោគជ័យយ៉ាងធំធេងជាលើកដំបូងនេះ គឺស្ថិតនៅក្រោមការដឹកនាំរបស់វីរបុរស Fred Pentland ដែលដឹកនាំក្រុមឲ្យទទួលបានជ័យជម្នះ ១២ ប្រកួត និងស្មើ ៦ ប្រកួតនៅរដូវកាលទោល។

២. Madrid CF

Madrid CF ១៩៣១/៣២

Madrid CF គឺជាឈ្មោះចាស់របស់ក្រុមយក្សអេស៉្បាញ Real Madrid ដែលពីអតីតកាលក្រុមយក្សមួយនេះក៏ធ្លាប់បំបែកកំណត់ត្រាមិនដែលចាញ់សូម្បីតែមួយប្រកួតកាលពីរដូវកាល ១៩៣១/៣២។ គួរបញ្ជាក់ដែរថា នេះក៏ជាជោគជ័យធំបំផុតដែលក្លឹបស្ដេចសទទួលបានជាលើកដំបូងថែមទៀតផង ដោយពេលនោះក្រុមដែលចូលរួមប្រកួតគឺមានតែ ១០ ក្រុម ហើយ Madrid CF បានបញ្ចប់រដូវកាលក្រោយទទួលជ័យជម្នះ ១០ ប្រកួត និងស្មើ ៨ ប្រកួត។

៣. AC Perugia

AC Perugia ១៩៧៨/៧៩

ក្រឡេកមកមើលខាងលីគកំពូល Serie A វិញម្ដង ក្រុមដែលបើកឆាកបំបែកកំណត់ត្រាមួយនេះគឺ ក្រុម AC Perugia កាលពីរដូវកាល ១៩៧៨/៧៩។ តែបើទោះជាមិនស្គាល់ពាក្យថាចាញ់ក៏ពិតមែន ក៏ក្រុម AC Perugia មិនបានទទួលពានរង្វាន់ដែរ នោះគឺដោយសារតែក្រុមមួយនេះទទួលបានលទ្ធផលស្មើច្រើនពេក ពោលគឺមានពិន្ទុស្មើដល់ទៅ ១៩ ប្រកួត និងឈ្នះត្រឹម ១១ ប្រកួតប៉ុណ្ណោះ។ ដោយឡែកក្រុមដែលទទួលបានពានរង្វាន់ពេលនោះគឺក្រុម AC Milan បានយកឈ្នះក្រុមត្រកូល AC ដូចគ្នាជាមួយពិន្ទុសរុប ៤៤-៤១។

៤. AC Milan

AC Milan ១៩៩១/៩២

ក្រោយពីធ្វើជាឆ្អឹងទទឹងករបស់ក្រុម AC Perugia កាលពីរដូវកាល ១៩៧៨/៧៩ បានសម្រេច ក្រុម AC Milan ក៏បានបំបែកកំណត់ត្រារបស់ក្រុម AC Perugia ថែមទៀតនារដូវកាល ១៩៩១/៩២ ដោយលើកនេះ AC Milan មិនត្រឹមតែមិនស្គាល់ពាក្យថាចាញ់ទេ តែបានទាំងពានរង្វាន់នៃក្របខណ្ឌ Serie A ទៀតផង។

ស្ថិតក្រោមការដឹកនាំរបស់លោក Fabio Capello ក្រុម AC Milan ទទួលបានជ័យជម្នះ ២២ ប្រកួត និងស្មើ ១២ ប្រកួតទូទាំងរដូវកាល ហើយពិសេសជាងនេះទៅទៀត AC Milan បានបិទរដូវកាលក្រោមការរកគ្រាប់បាល់បានសរុប ៧៤ គ្រាប់ ដែលជាចំនួនមួយច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ Serie A ផងដែរ។

៥. Arsenal FC

Arsenal ២០០៣-០៤ 

នារដូវកាល ២០០៣/០៤ ក្រុមកាំភ្លើងធំ Arsenal បានធ្វើឲ្យវិស័យបាល់ទាត់នៅតំបន់អឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានបញ្ចប់រដូវកាល ដោយមិនបានទទួលបរាជ័យសូម្បីតែមួយប្រកួត។ ក្នុងគ្រានោះផងដែរ ស្ថិតក្រោមការដឹកនាំរបស់វីរបុរស Arsene Wenger ក្រុមកាំភ្លើងធំបានទទួលជ័យជម្នះ ២៦ ប្រកួត និងស្មើ ១២ ប្រកួត វ៉ាដាច់ក្រុមតោខៀវ Chelsea ១១ ពិន្ទុ។

៦. Juventus

Juventus ២០១១-១២

ចុងក្រោយគេ ក្រុមសេះបង្កង់ Juventus ក៏មានឈ្មោះនៅក្នុងបញ្ជីមួយនេះផងដែរ ដោយកាលពីរដូវកាល ២០១១/១២ ក្រុមសេះបង្កង់បានចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ក្រោយខកខានស្គាល់តំណែងជាម្ចាស់ពានរង្វាន់ Serie A អស់រយៈពេល ៩ ឆ្នាំ។ គួរបញ្ជាក់ដែរថា ក្រុម Juventus បានបិទរដូវកាលក្រោយទទួលបានជ័យជម្នះ ២៣ ប្រកួត និងស្មើ ១៥ ប្រកួត ហើយកាន់តែអស្ចារ្យជាងនេះទៅទៀតគឺក្លឹបសេះបង្កង់ក៏ជាក្រុមទី ៣ ផងដែរដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយនេះ។

គួររំឭកដែរថា ក្រុមដែលមិនធ្លាប់ទទួលបរាជ័យសម្រាប់រដូវកាលនីមួយៗទាំងអស់មានរហូតដល់ទៅ ១៦ ក្រុមឯណោះនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ តែ CamboTrends ធ្វើការចម្រាញ់យកតែឈ្មោះក្លឹបល្បីៗនៅក្នុងលីគកំពូលទាំង ៥ នៅតំបន់អឺរ៉ុបលើកមកបង្ហាញតែប៉ុណ្ណោះ៕

ប្រភព: Sportsbreak