ឈ្នះពាន FA Cup ជាដំណឹងល្អសម្រាប់ Arsenal ប៉ុន្ដែជាបញ្ហាសម្រាប់២ក្រុមផ្សេងនៅ Premier League

ជ័យជំនះពាន FA Cup បានជួយឲ្យក្រុម Arsenal ទទួលបានកៅអីចូលរួមប្រកួត Europa League វគ្គចែកពូលនៅរដូវកាលក្រោយ ហើយវាជាដំណឹងអាក្រក់សម្រាប់ក្រុម Tottenham និង Wolves។

ក្រុមកាំភ្លើងធំបានវាយបកយកឈ្នះទៅលើ ក្រោមតោខៀវ Chelsea ដោយលទ្ធផល 2-1 ដើម្បីធានាកៅអី Europa League រដូវកាលក្រោយ ដូច្នេះមានន័យថាក្រុម Tottenham ដែលបញ្ចប់លទ្ធផលនៅ Premier League ក្នុងចំណាត់ថ្នាក់លេខ៦ ត្រូវប្រកួតជម្រុះជុំទី២ ពានអឺរ៉ុបមួយនេះ។

Spurs អាចឡើងដល់វគ្គចែកពូល Europa League ប្រសិនបើក្រុម Chelsea ដែលទទួលបានកៅអីសម្រាប់ការប្រកួតវគ្គចែកពូល Champions League ជាអ្នកឈ្នះ។

ហើយវាជាដំណឹងអាក្រក់បំផុតមួយសម្រាប់ក្រុមលេខ៧ Wolves ដោយសារពួកគេនឹងបាត់បង់ឱកាសប្រកួតពានអឺរ៉ុប ដោយសារការឈ្នះពាន FA Cup របស់ Arsenal។ ប៉ុន្ដែ Wolves អាចមានឱកាសតែមួយគត់ប្រកួតពានអឺរ៉ុបបាន លុះត្រាតែពួកគេ ឈ្នះពាន Europa League រដូវកាលនេះ។

ប្រសិនបើ Wolves ឈ្នះ Europa League មានន័យថា ពួកគេនឹងទទួលបានកៅអីប្រកួតវគ្គចែកពូល Champions League រដូវកាល ២០២០/២១។

គួររំឮកថា ក្រុមដែលដឹកនាំដោយលោក Nuno ទទួលបានលទ្ធផល 1-1 ក្នុងការប្រកួតជើងទី១ វគ្គ១៦ចុងក្រោយ ទល់នឹងក្រុម Olympiacos ហើយការប្រកួតជើងទី២ នឹងធ្វើឡើង នៅកីឡដ្ឋាន Molineux នៅថ្ងៃទី៦ ខែសីហាខាងមុខនេះ៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ អបអរសាទរ! កាំភ្លើងធំបាញ់តោខៀវ២គ្រាប់ លើកពាន FA Cup លើកទី១៤

ក្រុមកាំភ្លើងធំ Arsenal បានវាយបកយកឈ្នះទៅលើ Chelsea នៅថ្ងៃសៅរ៍នេះ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup ដោយលទ្ធផល 2-1 កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅកីឡដ្ឋាន Wembley។

Christian Pulisic បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមតោខៀវ Chelsea នៅដើមតង់ទី១ ប៉ុន្ដែ ត្រូវបានខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកបានមួយគ្រាប់តាមស្មើសម្រាប់ Arsenal ដោយការស៊ុត១១ម៉ែត្រ។

ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំរូបនេះ រកបានមួយគ្រាប់ទៀតនាំមុខ នៅនាទីទី៦៧ ហើយ Chelsea កាន់តែលំបាកសម្រាប់ឱកាស រកគ្រាប់បាល់តាមស្មើ នៅពេលដែលខ្សែបម្រើ Mateo Covacic ទទួលបានកាតលឿងទី២ ហើយត្រូវបណ្ដេញចេញពីការប្រកួត។

គួរបញ្ជាក់ថា វាជាពានរង្វាន់ដំបូងសម្រាប់លោក Mikel Arteta ក្នុងនាមជាអ្នកចាត់ការក្លឹប ហើយ Arsenal ជាក្រុមដែលឈ្នះពាន FA Cup ច្រើនបំផុតពោលគឺ ១៤លើក៕