លោក Jose Mourinho ត្រូវគេរាយការណ៍ថា កំពុងចាប់អារម្មណ៍នាំយកខ្សែបម្រើ Christian Eriksen ត្រលប់មកកាន់ក្រុម Tottenham វិញ ស្របពេលមានរបាយការណ៍ជាច្រើនបង្ហាញថាកីឡាករក្រុម Inter Milan រូបនេះ កំពុងខិតជិតក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយលក្ខខណ្ឌខ្ចីជើង ។

ជាក់ស្តែងខ្សែបម្រើសញ្ជាតិដាណឺម៉ាកវ័យ ២៨ ឆ្នាំរូបនេះ បានចាកចេញពី Spurs ក្នុងតម្លៃខ្លួន ២៥ លានផោន ដោយផ្ទេរទៅរដ្ឋធានីអ៊ីតាលីកាលពីខែមករា ទោះយ៉ាងណា Eriksen បានបាត់បង់ការពេញចិត្ត ក្រោមការដឹកនាំរបស់លោក Antonio Conte បន្ទាប់ពីអាចរកបានត្រឹម ៤ គ្រាប់ និង assist ត្រឹមតែ ៤ លើកប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៤០ ប្រកួតជាមួយក្រុមនៅ Serie A មួយនេះ ។

មិនតែប៉ុណ្ណោះ លោក Conte មិនរំពឹងថា Eriksen នឹងមានអនាគតវែងឆ្ងាយនៅឯទឹកដី San Siro នោះទេ ហើយក្លិបសង្ឃឹមថានឹងអាចលក់គេចេញក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ស្របពេល Arsenal, Wolves និង Real Madrid សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេរៀងៗខ្លួន ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរ លោក Fabrizio Romano បានបង្ហាញឲ្យដឹងថាគ្រូបង្វឹករបស់ Spurs លោក Mourinho ចង់ជួបជុំជាមួយ Eriksen វិញ បន្ទាប់ពីបានចំណាយពេលខ្លីជាមួយគ្នា ក្រោយចូលកាន់តំណែងជំនួស លោក Mauricio Pochettino កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩៕

ប្រភព: Allfootball
អានអត្ថបទបន្ទាប់៖ ជើងចាស់ Cascarino បារម្ភថាកីឡាករ Arsenal ម្នាក់ក្លាយជា Ozil ទី២
ជើងចាស់ Tony Cascarino បារម្ភថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang អាចនឹងក្លាយជា Mesut Ozil ទី២របស់ Arsenal។
កីឡាករជនជាតិហ្កាបុង បានបន្ដកុងត្រាថ្មីជាមួយក្លិបកាំភ្លើងធំ នៅដើមរដូវកាលដែលធ្វើឱ្យកុងត្រារបស់គេកើនឡើងដល់ ៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។
ប៉ុន្ដែទម្រង់លេងរបស់កីឡាកររូបនេះចាប់ផ្ដើមធ្លាក់តាំងពីពេលនោះមក ដោយរូបគេរកគ្រាប់បាល់បានតែ៣គ្រាប់ប៉ុណ្ណោះនៅ Premier League ក្នុងរដូវកាលនេះ ដែលខុសពីកាលពីមុនដែលរូបគេអាចរកគ្រាប់បាល់សឹងគ្រប់ប្រកួត។
Aubameyang រកគ្រាប់បាល់បាន២២គ្រាប់នៅលីគកំពូលអង់គ្លេស នៅ២រដូវកាលកន្លងទៅ ដោយការលេងរបស់គេហាក់ខុសដាច់ឆ្ងាយពីពេលកន្លងមក ហើយអតីតខ្សែប្រយុទ្ធ Chelsea លោក Cascarino យល់ថា អតីតតារាឆ្នើមរបស់ Borussia Dortmund អាចនឹងដូច Ozil។
លោក Cascarino បានថ្លែងប្រាប់ talkSPORT ថា៖ “ខ្ញុំមានអារម្មណ៍មិនសូវស្រួលអំពី Arsenal និងការនិយាយពី Aubameyang ព្រោះខ្ញុំកំពុងនិយាយអំពីកីឡាករម្នាក់ ដែលមានកំណត់ត្រារកគ្រាប់បាល់”។
“ប៉ុន្ដែគេលេងមិនសូវបានល្អនោះទេនៅឆ្នាំនេះ ហើយខ្ញុំមានអារម្មណ៍ថាគេជា Ozil 2.0។ ពួកគេបានផ្ដល់ឱ្យគេ(Aubameyang) នូវកុងត្រាដ៏ធំមួយ ទោះជាយ៉ាងណាក្ដីវាគួរតែបែបនេះគេជាកីឡាករដែលមានកម្រិតខ្ពស់នៅក្នុងវិស័យបាល់ទាត់ ដែលគេទទួលបានម្កុដនៅលើក្បាល”៕
ប្រភព៖ talkSPORT