ឃើញ​លេង​ល្អ​យប់​មិញ Keane ប្រាថ្នា​ចង់​ឃើញ Man Utd យក​បាន​កីឡាករ Arsenal ម្នាក់​នេះ

អតីត​កីឡាករ​ជើង​ចាស់​លោក Roy Keane បាន​បង្ហាញ​ការ​យល់​ឃើញ ជុំវិញ​ការ​ប្រកួត​ដែល Arsenal យក​ឈ្នះ ១-០ ទៅ​លើ​ម្ចាស់ដី Old Trafford កាល​ពី​យប់​មិញ ដោយ​លោក​ជឿ​ថា ចំណូល​ថ្មី Thomas Partey គឺ​ជា​ប្រភេទ​កីឡាករ​ដែល​សក្តិសម​បំផុត​សម្រាប់​បិសាច​ក្រហម​ក្នុង​ការ​ចុះ​ហត្ថលេខា។

Thomas Partey
Roy Keane

Partey ​ផ្ទេរ​មក​ចូលរួម​នៅ Arsenal ជាមួយ​តម្លៃ​ខ្លួន ៤៥ លាន​ផោន ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ហើយ​កាល​ពី​យប់​មិញ​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដែល​ជា​កីឡាករ​ក្រឡុក​ទាំង​តំបន់​លើ​ក្រោម​ឲ្យ​ក្រុម​របស់​ខ្លួន។

ក្រោយ​ចប់​ការ​ប្រកួត Keane បាន​និយាយ​ប្រាប់ Sky Sports អំពី​ការ​លេង​របស់ Partey ថា៖ “ខ្ញុំ​គិត​ថា​គេ​អស្ចារ្យ​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​កាន់​តែ​មើល​គេ​លេង គឺ​កាន់​តែ​ប្រាថ្នា​ចង់​ឲ្យ​គេ​មក​ក្លាយ​ជា​កីឡាករ​នៅ​តំណែង​បម្រើ​សម្រាប់ Man Utd ដែរ”។

Man Utd-Arsenal
Thomas Partey

លោក​បន្ត​ទៀត​ថា៖ “គេ​រឹងមាំ​ខ្លាំង​ណាស់ ហើយ​បើ​តាម​បទពិសោធន៍​ខ្ញុំ​ធ្លាប់​លេង​ប៉ះ Arsenal ជាមួយ Patrick Vieira គឺ​ខ្ញុំ​គិត​ថា​ក្មេង​នេះ​មាន​ឱកាស​តាម​ស្មើ​កម្រិត​លេង​របស់ Patrick ធ្លាប់​សម្រេច​បាន​ហើយ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ គ្រប់​គ្នា​គេ​ពាក់​អាវ​មាន​ប៉ាក់​រូប​ផ្កា ចម្លែក​តែ Matic អត់​ពាក់​ដូច​គេ តើ​ដោយសារ​មូលហេតុ​អ្វី?

នៅ​កំឡុង​ខែ​វិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ ក្លឹប​នៅ Premier League ទាំង​អស់​នឹង​អនុវត្ត​ទំនៀមទម្លាប់​មួយ​ដែល​បណ្តា​កីឡាករ​មាន​ប៉ាក់​រូប​ផ្កា​នៅ​លើ​អាវ​របស់​ពួក​គេ។ ដោយ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​រវាង Arsenal និង Man Utd ​កាល​ពី​យប់​មិញ ក៏​ដើរ​តាម​សកម្មភាព​បែប​ហ្នឹង​ដែរ តែ​សម្រាប់ Nemanja Matic គឺ​មិន​បាន​អនុវត្ត​នោះ​ទេ។

កីឡាករដទៃដែលពាក់អាវមានរូបផ្កា

ហេតុផល​ដែល​ខ្សែ​បម្រើ​របស់​ក្លឹប Man Utd មិន​អនុវត្ត​ដូច​បណ្តា​កីឡាករ​ដទៃ ក៏​ដោយសារ​តែ​គេ​មិន​អាច​ទទួល​យក​នូវ​ភាព​ឈឺចាប់ ដែល​ធ្លាក់​លើ​ប្រទេស​ជាតិ​របស់​គេ កំឡុង​ពេល​មាន​សង្រ្គាម​កាល​ពី​ជាង ២០ ឆ្នាំ​មុន។

Nemanja Matic

នោះ​គឺ​កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ក្នុង​ប្រទេស​ស៊ែប៊ី ​នៅ​ពេល​ដែល Matic ទើប​តែ​មាន​អាយុ ១២ ឆ្នាំ ហើយ​ក្នុង​ប្រទេស​និង​តំបន់​រស់នៅ​របស់​គេ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន ក៏​ដោយសារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ដំណើរការ​ប្រតិបត្តិការ​យោធា​ដែល​មាន​ប្រទេស​ជា​ច្រើន​ចូលរួម ហើយ​រួម​ទាំង​យោធា​របស់​ចក្រភព​អង់គ្លេស​ផង​ដែរ។

Nemanja Matic
ការទម្លាក់គ្រាប់បែកនៅស៊ែប៊ី

បែប​នេះ​មាន​ន័យ​ថា យោធា​អង់គ្លេស​ក៏​មាន​ចំណែក​ក្នុង​ការ​ស្លាប់​របស់​ប្រជាជន​នៅ​ឯ​ប្រទេស​ស៊ែប៊ី​នា​ឆ្នាំ​នោះ​ដូច​គ្នា អ៊ីចឹង​ហើយ​ទើប Matic មិន​អាច​ពាក់​រូបផ្កា​លើ​អាវ​តំណាង​ដល់​ការ​គោរព​សម្រាប់​ក្រុម​យោធា​ដែល​ធ្លាប់​សម្លាប់​ជាតិសាសន៍​របស់​គេ​បាន៕