ជើងចាស់ Roy Keane រិះគន់កីឡាករឆ្នើមរបស់ Man United ម្នាក់ថាលេងដូចមិនចង់ឈ្នះពាន ក្រោយបរាជ័យទល់នឹង Man City

ខ្សែបម្រើឆ្នើម Bruno Fernandes ត្រូវបានអតីតប្រធានក្រុមបិសាចក្រហមលោក Roy Keane រិះគន់ ក្រោយ Manchester United បរាជ័យ ២-០ ក្រោមថ្វីជើង Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup។

Man United រំពឹងថាអាចឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្រោយបរាជ័យ៣លើកនៅរដូវកាលមុន ប៉ុន្ដែចុងក្រោយ ក្រុមរបស់លោក Ole Gunnar Solskjaer បន្ដបរាជ័យជាលើកទី៤ សម្រាប់រយៈពេល១២ខែចុងក្រោយនេះ។

ហើយអតីតកីឡាករ Man United លោក Keane មានអារម្មណ៍មិនល្អនោះទេ ចំពោះការលេងរបស់កីឡាករមួយចំនួនសម្រាប់អតីតក្រុមរបស់លោក ហើយរិះគន់ Fernandes ជាងគេ។

លោក Keane បានថ្លែងប្រាប់ Sky Sports ថា៖ “វាមិនងាយស្រួលទេ ដើម្បីអាចឈ្នះពានរង្វាន់បាល់ទាត់។ Fernandes ទទួលបានការសរសើរអំឡុងពេលប៉ុន្មានខែមុន គេត្រូវបានប្រៀបធៀបជាមួយ Eric Cantona ជាដើម ប៉ុន្ដែ Cantona ធ្លាប់ឈ្នះពាន”។

“Fernandes មិនសូវប្រឹងប្រែងខ្លាំងទេនៅយប់មិញនេះ។ កីឡាករកំពូលលេចធ្លោសម្រាប់ឱកាសធំៗ ហើយនេះជាអ្វីដែល Cantona ធ្លាប់បានធ្វើគឺជួយពួកគេឈ្នះពានរង្វាន់”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូថ្មី PSG យល់ឃើញបែបណាចំពោះការលេងរបស់ Mbappe ក្រោយមិនអាចយកជ័យជម្នះលើក្រុមពាក់កណ្ដាលតារាង?

លោក Mauricio Pochettino បានបង្ហាញការយល់ឃើញលើ Kylian Mbappe នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាលើកដំបូង ក្នុងនាមជាអ្នកចាត់ការក្លិប Paris Saint-Germain។

អតីតគ្រូបង្វឹកក្រុម Tottenham រូបនេះបានឈរបញ្ជាកូនក្រុម PSG នៅក្នុងការប្រកួតដំបូងទល់នឹងក្រុមពាក់កណ្ដាលតារាង Saint-Etienne នៅ Ligue 1 ដែលបញ្ចប់ដោយលទ្ធផល ១-១ ហើយលោក Pochettino បាននិយាយពីអ្វីដែលក្រុមរបស់លោកត្រូវតែផ្លាស់ប្ដូរ។

នៅពេលត្រូវបានសួរនាំពី Mbappe លោក Pochettino បាននិយាយថា៖ “ពិតណាស់ ខ្ញុំរីករាយជាមួយនឹងការលេងរបស់គេ ប៉ុន្ដែគេត្រូវធ្វើឱ្យបានល្អជាងនេះ”។

“ខ្ញុំដឹងថាគេចង់រកគ្រាប់បាល់ហើយលេងកាន់តែល្អ និងឈ្នះការប្រកួត។ គេពិតជាខកចិត្ត។ រាល់កីឡាករត្រូវការព្យាយាមបន្ថែម ហើយក្រុមទាំងមូលក៏ត្រូវការពង្រឹងបន្ថែមផងដែរ”៕

ប្រភព៖ MARCA