ក្លិបកំពូលមួយនៅ La Liga កំពុងត្រៀមរក្សាទុកគ្រូបង្វឹកខ្លួន ឲ្យស្នាក់នៅក្លិបតទៀត រហូតដល់ឆ្នាំ ២០២៤

យោងទៅតាមរបាយការណ៍ពី ‘AS’ បានបង្ហាញឲ្យដឹងថាក្លឹប Atletico Madrid កំពុងរៀបចំផ្តល់ជូនសំណើកុងត្រាថ្មីមួយផ្សេងទៀត សម្រាប់គ្រូបង្វឹក លោក Diego Simeone ស្របពេលកុងត្រាបច្ចុប្បន្នរបស់គាត់ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ។

Diego Simeone 

យ៉ាងណាមិញ វាត្រូវបានគេយល់ទៀតថា ក្រុមនៅ La Liga មួយនេះ នឹងយល់ព្រមបន្តជាកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំបន្ថែមទៀត បើទោះបីជាគេនៅមិនទាន់ដឹងអំពីលក្ខខណ្ឌហិរញ្ញវត្ថុ ដែលក្លិបនឹងត្រូវផ្តល់ជូនដល់គ្រូបង្វឹកអាហ្សង់ទីនរូបនេះ នៅឡើយក៏ដោយ ។

Diego Simeone

ជាក់ស្តែង ឥលូវនេះ លោក Simeone កំពុងអាចរកប្រាក់ចំណូលបានសរុប ៣២ លានអឺរ៉ូក្នុងមួយរដូវកាល ដែលវាគឺជាប្រាក់ឈ្នួលដ៏ច្រើនបំផុតសម្រាប់អ្នកចាត់ការក្រុម នៅលើពិភពលោក ។

មិនតែប៉ុណ្ណោះ លោក Simeone ខ្លួនគាត់ផ្ទាល់យល់ពីភាពលំបាករបស់ក្លិប ដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុដោយសារកូវីដ ១៩ ហើយលុយនឹងមិនមែនជាបញ្ហាចម្បង ដើម្បីឲ្យគាត់ព្រមទទួលយកកិច្ចព្រមព្រៀងថ្មីទៀតនោះទេ ។

Diego Simeone

លើសពីនេះ ប្រសិនបើបុរសវ័យ ៥០ ឆ្នាំ យល់ព្រមទម្លាក់ចុងប៊ិចដើម្បីចុះកុងត្រាថ្មី នោះគាត់នឹងក្លាយជាគ្រូបង្វឹកម្នាក់ ដែលចំណាយពេល ១២ ឆ្នាំកន្លះ ជាមួយ At Madrid ដែលនេះមានន័យថាការផ្តល់ជូនកុងត្រាថ្មីមួយផ្សេងទៀតនៅពេលក្រោយ នឹងមិនទំនងជាកើតឡើងម្តងទៀតនោះទេ ក្នុងពេលឆាប់ៗខាងមុខ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ Pochettino ទម្លាយថាគាត់ប៊ិះតែខ្ចីជើង Messi ទៅឲ្យក្លិបមួយនេះបានទៅហើយ កាលគេនៅមានវ័យជំទង់

លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថាគាត់ធ្លាប់ខិតជិត ក្នុងការនាំយក Lionel Messi មកលេងក្រោមការដឹកនាំរបស់ខ្លួន កាលនៅដឹកនាំឲ្យក្រុម Espanyol ស្របពេលបច្ចុប្បន្នក្រុម PSG កំពុងមានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។

Mauricio Pochettino   

ជាក់ស្តែងក្រុមម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងចំណោមក្លិបកំពូលៗ ផ្សេងទៀត ដែលមានចេតនាចុះហត្ថលេខាលើ Messi ប្រសិនបើគេសំរេចចិត្តចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១ នេះនោះ ។

Lionel Messi , Mauricio Pochettino

រំលឹកផងដែរថា Messi ហាក់មិនបានបដិសេធអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុននោះទេ ស្របពេលបេក្ខភាពប្រធានក្លិបថ្មី លោក Joan Laporta សង្ឃឹមថាការឡើងកាន់តំណែងរបស់គាត់ នឹងជួយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ ឱ្យស្នាក់នៅបន្តទៀត ។

ហើយយ៉ាងណាមិញ Pochettino ហាក់មិនចង់និយាយអ្វីច្រើននោះទេ អំពីចំណាប់អារម្មណ៍របស់ក្រុម PSG ទៅលើ Messi នាពេលបច្ចុប្បន្ននេះ ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានរំលឹកថាគាត់ធ្លាប់ខិតជិតនាំយកកីឡាករជំនាញជើងឆ្វេងរូបនេះ មកលេងក្រោមការដឹកនាំរបស់ខ្លួនដែរ ពេលគេនៅមានវ័យជំទង់នៅឡើយ ។

Lionel Messi

មិនតែប៉ុណ្ណោះ លោក Pochettino  បានពន្យល់ទៅកាន់ El Larguero ថា ៖ “ Messi ទៅ PSG ? ខ្ញុំអត់មានយោបល់អ្វីទេ ។ ប៉ុន្តែនៅពេលខ្ញុំនៅក្លិប Espanyol ឬ Southampton ក្តីសុបិន្តរបស់ខ្ញុំគឺចង់មានកីឡាករឆ្នើមៗ នៅក្រុមរបស់ខ្ញុំ ហើយ Messi គឺធ្លាប់ខិតជិតខ្ចីជើងមកកាន់ Espanyol ផងដែរ” ។

Lionel Messi

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះគឺមានភាពខិតជិតមែនទែន ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយ ក្នុងការប្រកួតមិត្តភាពនៅឯ Trofeo Gamper ដែលនោះហើយរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅវិញ ។ ហើយពេលនេះ ខ្ញុំពិតជាមិនចង់និយាយអ្វីអំពី Messi ច្រើនទេ ស្របពេលដែលអ្វីៗ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ” ៕

ប្រភព: Goal