ដោយសារបញ្ហាហិរញ្ញវត្ថុ កីឡាករឆ្នើមអាហ្សង់ទីនម្នាក់ ខកឱកាសផ្ទេរមក Barcelona

Lautaro Martinez មានការផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់មកកាន់ Barcelona នៅរដូវកាល ២០១៩-២០ ប៉ុន្ដែការផ្ទេរមិនអាចកើតមានឡើងហើយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានពន្យល់មូលហេតុ។

Martinez បានត្រៀមខ្លួនក្នុងការចាកចេញពី Inter Milan ដោយផ្លាស់ទៅទឹកដី Camp Nou ហើយគេបានសារភាពថាការផ្ទេរកៀកនឹងបានសម្រេចប៉ុន្ដែ ដោយសារបញ្ហាហិរញ្ញវត្ថុទើបគេមិនអាចចូលរួមក្លិបនេះបាន។

តារាឆ្នើមរបស់ Inter Milan បានថ្លែងប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំពិតជាកៀកនឹងផ្ទេរទៅ Barcelona។ ខ្ញុំបាននិយាយពិភាក្សាជាមួយ Lionel Messi ប៉ុន្ដែពួកគេមានបញ្ហាហិរញ្ញវត្ថុ ហើយខ្ញុំបានសម្រេចចិត្ដថានៅបន្ដ(ជាមួយ Inter)។

រដូវកាលនេះក្រុម Inter របស់ Martinez បានក្លាយជាជើងឯក Serie A លើកដំបូងចាប់តាំងពីឆ្នាំ ២០១០មក និងបានបញ្ចប់កំណត់ត្រាឈ្នះជើងឯកក្នុងលីគរបស់ Juventus ផងដែរ៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ កីឡាករ Chelsea ម្នាក់ជឿថាក្រុមរបស់ខ្លួន អាចផ្ដួល Man City ក្លាយជាក្រុមខ្លាំងបំផុតលើលោក

Timo Werner ជឿថា Chelsea អាចយកឈ្នះ Manchester City ដូចកាលប្រកួត FA Cup ហើយក្លាយជាក្រុមល្អបំផុតនៅក្នុងលោក ដោយបំបាក់គូប្រជែងរួមលីគពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។

ក្រុមទាំងពីរនៅអង់គ្លេស នឹងប្រកួតដណ្ដើមពានរង្វាន់ក្លិបធំបំផុតនៅអឺរ៉ុប ក្រោយពេលក្រុមរបស់លោក Thomas Tuchel ទម្លាក់ក្រុមជើងឯក១៣សម័យ Real Madrid ហើយត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯក។

មុនជួបគ្នានៅ វគ្គផ្ដាច់ព្រ័ត្រ UCL ក្រុមតោខៀវបានផ្ដល់មេរៀនខកចិត្តដល់ Man City ដោយបានយកឈ្នះពួកគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ហើយ Werner ជឿថាក្រុមរបស់ខ្លួន អាចធានាជ័យជម្នះក្លាយជាជើងឯក Champions League បាន។

ខ្សែប្រយុទ្ធជនជាតិអាល្លឺម៉ង់រូបនេះនិយាយថា៖ “យើងដឹងថាយើងអាចធ្វើបាន។ យើងមើលឃើញការប្រកួតដូច Man City នៅពេលយើងឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup។ យើងធ្វើបែបនេះជាញឹកញាប់រដូវកាលនេះ ទល់នឹងក្រុមល្អៗ។ វាមានន័យថាយើងគ្មានបារម្ភអ្វីឡើយនៅវគ្គផ្ដាច់ព្រ័ត្រ”។

“អ្នកត្រូវបង្ហាញភាពស្មោះត្រង់ ហើយនិយាយថា City គឺប្រហែលជាក្រុមល្អបំផុតនៅលើលោក នៅពេលនេះ។ យើងចង់លេងតទល់ជាមួយក្រុមល្អបំផុត”។

“យើងនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយវាគឺធម្មតាដែលអ្នកលេងទល់នឹងក្រុមល្អបំផុត ហើយប្រហែលជាយើងអាចឈ្នះការប្រកួតនេះ ហើយយើងអាចក្លាយជាក្រុមល្អបំផុតនៅលើលោក ក្នុងឆ្នាំនេះ”៕

ប្រភព៖ Goal