Grealish ថាតំណែងលេងមិនសំខាន់ តែអ្វីដែលគេស្រម៉ៃធំបំផុតគឺចង់ចាប់ដៃគូជាមួយកីឡាកររូបនេះ នៅជម្រើសជាតិ

ខ្សែបម្រើ Jack Grealish បាននិយាយថាគេរីករាយក្នុងការលេងនៅតំណែងណាមួយក៏បាន សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែទោះជាយ៉ាងណាវានឹងកាន់តែធ្វើឲ្យគេមានអារម្មណ៍រំភើបថែមទៀត ប្រសិនបើអាចចាប់យកតំណែងអាវលេខ ១០ សម្រាប់ក្រុមនៅក្នុងការប្រកួតពានរង្វាន់ Euro នៅរដូវក្តៅនេះនោះ ។

Jack Grealish 

ជាក់ស្តែងប្រធានក្រុម Aston Villa រូបនេះ បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងជ័យជម្នះដោយលទ្ធផល ១-០ របស់អង់គ្លេស លើអូទ្រីស ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនាពេលកន្លងទៅនេះ ហើយវាហាក់កំពុងធ្វើឲ្យ Grealish កាន់តែមានភាគរយច្រើន ដើម្បីជាប់នៅក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកលោក Gareth Southgate ពេលប្រកួតបើកឆាកទល់ក្រុមក្រូអាតនៅថ្ងៃទី ១៣ ខែមិថុនា ។

Jack Grealish

តែយ៉ាងណាក៏ដោយវាមានការប្រកួតប្រជែងជាច្រើន សម្រាប់តំណែងប្រយុទ្ធជួរមុខទាំង ៣ ខាងលើរបស់ក្រុម និងរួមទាំងតំបន់លេងក្រោមខ្សែប្រយុទ្ធកណ្តាល Harry Kane ផងដែរ ។

Jack Grealish , Harry Kane

ហើយយ៉ាងណាមិញបើទោះបីជា Grealish ត្រូវបានគេរំពឹងថានឹងត្រូវដាក់ឲ្យលេងនៅក្នុងតំបន់ប្រយុទ្ធខាងលើក៏ដោយ ប៉ុន្តែគេទទូចថាចង់លេងជាកីឡាករនៅតំបន់បម្រើលេខ ១០ នៅពីក្រោម Kane ជាង ដោយសារតែរូបគេមានអារម្មណ៍ថាខ្លួនហាក់មានទំនាក់ទំនងល្អជាមួយប្រធានក្រុមជម្រើសជាតិរូបនេះ ។

លើសពីនេះកីឡាករវ័យ ២៥ ឆ្នាំនិយាយប្រាប់កាសែត The Guardian ថា ៖ “ ខ្ញុំស្រឡាញ់តួនាទីអាវលេខ ១០ ។ ខ្ញុំអាចលេងនៅកន្លែងណាក៏បាន ប៉ុន្តែតំណែងលេង ១០ វានឹងជារឿងរំភើបមួយ… ខ្ញុំមិនគិតថាមាននរណាម្នាក់ ដែលលេងនៅតំបន់ប្រយុទ្ធនៅលើអ្នក ល្អជាង Harry Kane ទៀតនោះទេ ” ។

Jack Grealish

គេបន្តទៀតថា  ៖ ” ខ្ញុំមានអារម្មណ៍ថាយើងមានទំនាក់ទំនងល្អជាមួយគ្នាទាំងនៅក្នុងការហ្វឹកហាត់ និងការប្រកួត ។ ខ្ញុំគ្រាន់តែទៅទីនោះដើម្បីព្យាយាមបង្ហាញទម្រង់លេងឲ្យល្អ និងព្យាយាមបង្កើតរឿងអស្ចារ្យតាមដែលអាចធ្វើបាន ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ កូនក្រុមចាស់៣រូប អាចត្រូវបានលក់ចេញពី Real Madrid ក្រោយលោក Ancelotti ត្រលប់ជាថ្មី

លោក Carlo Ancelotti បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការក្លិប Real Madrid នៅសប្ដាហ៍នេះ ស្របពេលកីឡាករមួយចំនួនដែលមិនស្ថិតនៅក្នុងជម្រើសរបស់លោក Zinedine Zidane នៅតែប្រឈមនឹងការលក់ចេញដដែល។

រំឭកកាលលោក Ancelotti មកដឹកនាំ Real Madrid លើកដំបូង លោកក៏បានសម្រេចចិត្តលក់ខ្សែបម្រើ Kaka ដែលធ្លាប់ជាកូនក្រុមសំណព្វចិត្តកាលលោកនៅដឹកនាំ AC Milan ដូច្នេះកីឡាករដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកកន្លងមក ក៏មិនធានាថាក្លិបមិនលក់ពួកគេចេញនោះឡើយ។

Isco, Marcelo និង Gareth Bale ទំនងត្រូវបានលក់ចេញអំឡុងការដោះដូររដូវក្ដៅនេះ ដើម្បីទាញយកលុយទិញកីឡាករថ្មីវ័យក្មេងមកចូលរួមជំនួសវិញ។

ទោះមានមនោសញ្ចេតនាជាបុគ្គលជាមួយកូនក្រុម តែការសម្រេចចិត្តរបស់លោក Ancelotti ត្រូវផ្អែកលើកាលៈទេសៈជាក់ស្ដែង ហើយពេលវេលារបស់កីឡាករបីរូបខាងលើនៅ Real Madrid ទំនងជាអស់ត្រឹមនេះហើយ៕

ប្រភព៖ Football Espana