ថ្មីៗនេះខ្សែបម្រើ Paul Pogba ហាក់បានជំរះនូវមន្ទិលសង្ស័យចំពោះអនាគតរបស់ខ្លួននាពេលកន្លងមក បន្ទាប់ពីត្រូវបានមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេ គឺកីឡាករ Prensel Kimpembe និង Kingsley Coman សាកសួរនាំចំពោះលទ្ធភាពក្នុងការផ្ទេរទៅចូលរួមជាមួយក្រុម Paris Saint-Germain នាពេលអនាគត ។
ជាក់ស្តែង Pogba មានទំនាក់ទំនងយូរមកហើយ ជាមួយនឹងការផ្លាស់ប្តូរចេញពីក្រុមបិសាចក្រហម Manchester United ជាមួយកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលក្រោយនេះផងដែរ ។
មិនតែប៉ុណ្ណោះ ក្រុមអធិរាជស Real Madrid និង Juventus ក៏ស្ថិតក្នុងចំណោមគោលដៅ ដែលខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ អាចផ្លាស់ទៅចូលរួមជាមួយផងដែរ ប៉ុន្តែទោះជាយ៉ាងណាការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដើម្បីលេងឲ្យក្រុម PSG គឺជាលទ្ធភាពមួយផ្សេងទៀត ។
យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសមួយក្នុងពេលថ្មីៗនេះ កីឡាករ Kimpembe និង Coman បាននិយាយគ្នាជុំវិញលទ្ធភាពផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Ligue 1 ស្របពេល Pogba ក៏បានចូលដល់ការសន្ទនារបស់អ្នកទាំងពីរនោះល្មម ហើយត្រូវបានពួកគេឆ្លៀតសួរនាំផងដែរ ។
លើសពីនេះនៅក្នុងកិច្ចសន្ទនានោះ Kimpembe បាននិយាយថា ៖ “យើងកំពុងនិយាយអំពីទីក្រុងប៉ារីស ” ខណ: Coman បានបន្ថែមថា ៖ “មែនហើយ អ្នកគឺជា Parisian មែនទេ?” ។
រំពេចនោះ Pogba ឆ្លើយតបវិញថា ៖ ” ត្រូវហើយ អ៊ីចឹងតើយ៉ាងម៉េច?” Kimpembe បានបន្តថា ៖ “ទីផ្សារដោះដូរនឹងមកដល់ឆាប់ៗនេះហើយ ” ខណ: Coman បន្ថែម ៖ ” តើអ្នកត្រូវបានទាក់ទងដោយប្រធានក្លិប លោក Nasser ដែរឬទេ? ” ។
ស្របពេលនោះ Pogba និយាយតបយ៉ាងខ្លីវិញថា ៖ ” គ្មានទេ ” ហើយគេក៏ដើរចេញពីទីនោះបាត់ទៅ ។
វាច្បាស់ថា Kimpembe និង Coman ច្បាស់ជានឹងរីករាយប្រសិនបើ Pogba ផ្ទេរមកចូលរួមជាមួយពួកគេនៅក្នុងរដ្ឋធានីបារាំង ប៉ុន្តែកីឡាករ United អាចនឹងមិនចាប់អារម្មណ៍នោះទេ ដោយសារតែឪពុកម្តាយរបស់គេគឺជាអ្នកគាំទ្រងប់ងល់របស់ Marseille ដែលជាក្រុមគូប្រជែងដ៏ធំមួយរបស់ PSG ៕
ប្រភព: Mirror
អានអត្ថបទបន្ទាប់៖ កំពុងទំនេរជើង តែ Buffon បដិសេធមិនទៅចាំទីឲ្យ Barcelona ដោយសារហេតុផលចម្បងនេះ
អ្នកចាំទីទំនេរជើង Gianluigi Buffon បានចប់កុងត្រាជាមួយក្លឹប Juventus ហើយ ដោយលោកកំពុងស្វះស្វែងរកទ្រនំថ្មីនៅពេលបន្ទាប់ ត្រៀមចូលរដូវកាលថ្មី ២០២១/២២។ មានក្លឹបជាច្រើនប្រចាំលីគកំពូលអឺរ៉ុប ចង់បានកីឡាករវ័យចំណាស់រូបនេះ ព្រោះទី ១ ដោយសារសម្លឹងឃើញបទពិសោធន៍ក៏ដូចជាគុណភាព ទី ២ គឺការទារថ្លៃពលកម្មនៅកម្រិតមធ្យម។
យ៉ាងណា Barcelona ឯណោះ ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ៤៣ ឆ្នាំខាងលើផងដែរ ប៉ុន្តែត្រូវបាន Buffon បដិសេធមិនទទួលយកនោះទេ ព្រោះគេមិនចង់ទៅលេងជាអ្នកចាំទីដៃទីពីរនៅ Camp Nou ពោលគឺក្លឹបថ្មី ត្រូវធានាថាខ្លួនអាចលេងនៅដៃទីមួយជាចាំបាច់។ នេះបើតាមសារព័ត៌មាន Sport បានចុះផ្សាយ។
ប្រភពបានបន្តថា ណាមួយ Buffon ចង់ចាប់យកឱកាសវិលត្រលប់ទៅជួយជម្រើសជាតិអ៊ីតាលីសារជាថ្មីនៅ World Cup 2022 ផង អ៊ីចឹងពេលនេះលោកត្រូវការក្លឹបឈរជើងដែលជាប់លាប់មួយ ដើម្បីបង្ហាញសមត្ថភាព ក្នុងការអូស.ទាញចិត្តអ្នកចាត់ការជម្រើសជាតិ។
គួររំឭកថា Buffon ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់លើកដំបូងតាំងពីឆ្នាំ ១៩៩៥ ហើយពេលនេះក៏រាប់បានជាកីឡាករឈរជើងយូរបំផុតមួយដែរ។ នៅការបង្ហាញខ្លួនសរុប ៩៣០ ប្រកួត លោករបូត ៧៧៤ គ្រាប់ និងទប់បាល់ Clean Sheet បាន ៤១៦ ប្រកួត៕
ប្រភព៖ Sportsmole