Mourinho ប្រាប់ឈ្មោះកីឡាករកំពូលមួយរូប ដែលគាត់ស្តាយមិនបានបង្វឹក ក្នុងអាជីពរបស់ខ្លួន

លោក Jose Mourinho ត្រូវបានចាត់ទុកថាជាគ្រូបង្វឹកដ៏ឆ្នើមបំផុតមួយ បន្ទាប់ពីគាត់ធ្លាប់បានឆ្លងកាត់ការដឹកនាំកីឡាករកំពូលៗជាច្រើនរូប នៅក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់ខ្លួន ។

Mourinho

រាប់ចាប់ពី John Terry, Frank Lampard និង Didier Drogba នៅឯក្រុមតោខៀវ Chelsea រហូតដល់ Sergio Ramos, Cristiano Ronaldo និង Karim Benzema នៅឯក្លិប Real Madrid និងរួមទាំងកីឡាករឆ្នើមផ្សេងទៀតផងដែរ ។

Jose Mourinho

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តើនរណាជាកីឡាករឆ្នើមជាងគេបំផុត ដែលគ្រូបង្វឹកជនជាតិព័រទុយរូបនេះមិនមានឱកាសក្នុងការបង្វឹក?​

ជាក់ស្តែងនៅក្នុងបទសម្ភាសក្នុងពេលថ្មីៗនេះ លោក Mourinho ត្រូវបានគេសាកសួរអំពីកីឡាករល្អបំផុតរូបណា ដែលគាត់មិនមានឱកាសក្នុងការដឹកនាំគេ សម្រាប់អាជីពរបស់ខ្លួន ស្រពេលបុរសវ័យ ៥៨ ឆ្នាំរូបនេះ ឆ្លើយប្រាប់ The Sun យ៉ាងខ្លីវិញថា ៖ “ Lionel Messi” ។

Lionel Messi

តែតាមពិតទៅ Mourinho ប៊ិះតែមានឱកាសធ្វើការជាមួយ Messi ទៅហើយ ប្រសិនបើក្រុម Barcelona មិនបានច្រានចោលឱកាសក្នុងការតែងតាំងគាត់ជាគ្រូបង្វឹក នៅអំឡុងឆ្នាំ ២០០៨ ទេនោះ ។

Jose Mourinho ,  Lionel Messi

រំលឹកថាបន្ទាប់ពីការចាកចេញរបស់លោក Frank Rijkaard ពីទឹកដី Camp Nou ប្រធានក្លិប Barca បានព្យាយាមស្វែងរកជម្រើសអ្នកចាត់ការថ្មីភ្លាមៗ ហើយយោងតាមប្រភពមួយបានបង្ហាញថាក្លិបយក្សអេស្ប៉ាញ ក៏ទាក់ទងទៅកាន់លោក Mourinho ផងដែរ បន្ទាប់ពីគាត់ចាកចេញពីក្រុម Chelsea ។ តែនៅចុងបញ្ចប់លោក Pep Guardiola ក៏ត្រូវបានតែងតាំងជំនួសវិញ ហើយអ្វីបន្ទាប់ពីនោះគឺជាការកែប្រែប្រវត្តិសាស្រ្តដ៏ធំមួយរបស់ក្លិប Barca ជាមួយ Messi ក៏បានក្លាយជាកីឡាករល្អបំផុតមួយក្នុងលោកផងដែរ ៕

Pep Guardiola

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Chelsea អាចនឹងរៀបប្រព័ន្ធលេងបែបនេះ បើសិនអាចនាំយក Hakimi និង Haaland ចូលក្រុមបាន

ខណ:ទីផ្សារដោះដូររដូវក្តៅកាន់តែខិតជិតមកដល់ ក្រុមតោខៀវ Chelsea ហាក់កំពុងរៀបចំគម្រោងធំមួយ ក្នុងការចុះហត្ថលេខាលើកីឡាករថ្មីៗមួយចំនួន យកមកពង្រឹងក្រុមបន្ថែមទៀត សម្រាប់រដូវកាលថ្មី។

ហើយគោលដៅធំ ៣ ដែលគេយល់ថាគ្រូបង្វឹកលោក Thomas Tuchel ចង់យកមកកាន់ក្រុមរបស់ខ្លួននោះ អាចមានដូចជាខ្សែការពារស្លាបក្រុម Inter Milan កីឡាករ Achraf Hakimi ខ្សែការពារកណ្តាល  Niklas Sule របស់ក្រុម Bayern Munich និងរួមទាំងខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Borussia Dortmund ទៀងផង ។

យ៉ាង​ណា​បើ​យក​បាន​ដូច​ការ​គ្រោង​ទុក​ទាំង​អស់​នោះ គេរំពឹងថាជម្រើស ១១ នាក់ដំបូងរបស់ក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយ ច្បាស់ជានឹងមានការផ្លាស់ប្តូរខ្លាំង ជាក់ជាមិនខាន ដោយមានកីឡាករនៅក្នុងឈុតដំបូងមួយរូប អាចនឹងត្រូវរុះរើចេញ ឬក៏ត្រូវលក់ទៅឲ្យក្លិបផ្សេងទៀតតែម្តង ។

ជាក់ស្តែងយោងតាមសារព័ត៌មានពី Daily Star ថ្មីៗនេះ បានធ្វើការបង្ហាញពីជម្រើស ១១ រូបដំបូងមួយ ដែលគ្រូបង្វឹកលោក Tuchel អាចនឹងប្រើប្រាស់សម្រាប់រដូវកាលក្រោយ ដូចខាងក្រោមនេះ ៖

Achraf Hakimi

សម្រាប់តំណែងអ្នកចាំទីគឺគ្មានការផ្លាស់ប្តូរអ្វីនោះទេ ដោយតួនាទីគឺជារបស់កីឡាករ Edouard Mendy ហើយពាក់ព័ន្ធជាមួយការចុះហត្ថលេខាលើ Hakimi មកកាន់ទឹកដី Premier League គេអាចនឹងមើលឃើញថាខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ ប្រហែលត្រូវគ្រូបង្វឹកលោក Tuchel រុញឲ្យឡើងទៅលេងនៅតំបន់បម្រើការពារស្លាប​ស្តាំ រួមជាមួយកីឡាករ N’Golo Kante , Jorginho ដែលលេងក្នុងបម្រើកណ្តាល ខណ:កីឡាករ Ben Chilwell នឹងត្រូវលេងជាខ្សែបម្រើការពារស្លាបឆ្វេង ។

Achraf Hakimi

ដោយឡែក Reece James ដែលធ្លាប់តែកាន់កាប់តំណែងជាខ្សែការពារស្លាបស្តាំ អាចត្រូវប្តូរឲ្យលេងក្នុងតំបន់ការពារចំ រួមជាមួយកីឡាករ Thaigo Silva និងខ្សែការពារចំណូលថ្មី Niklas Sule ដែលសារព័ត៌មាន The Mirror បានរាយការណ៍ថាក្រុម Bayern Munich កំពុងមានឆន្ទ:លក់មកឲ្យក្លិប Chelsea ផងដែរ ។

Niklas Sule

ក្រៅពីនោះខ្សែប្រយុទ្ធ Erling Haaland ក៏អាចជាជម្រើសមួយផ្សេងទៀត ដែលក្រុម Chelsea នឹងនាំចូលក្រុមរដូវកាលក្រោយ ហើយគេនឹងត្រូវដាក់ឲ្យលេងជំនួសតំណែងរបស់កីឡាករ Timo Werner ក្នុងតំបន់ប្រយុទ្ធជួរមុខទាំង ៣ រួមជាមួយ Kai Havertz និង Mason Mount ៕

Erling Haaland

ប្រភព: Daily Star