Lukaku រកបានពីរគ្រាប់ជួយបែលហ្ស៊ិកបាន៣ពិន្ទុ និងផ្ញើគ្រាប់បាល់ជូន Eriksen

Romelu Lukaku បានផ្ញើសារលើកទឹកចិត្តមិត្តរួមក្រុម Inter Milan, Christian Eriksen បន្ទាប់ពីរកគ្រាប់បាល់ពីរគ្រាប់ជួយក្រុមជម្រើសជាតិបែលហ្ស៊ិកយកឈ្នះរុស្ស៊ី ក្នុងការប្រកួតវគ្គចែកពូល EURO 2020 ដោយលទ្ធផល ៣-០។

ខ្សែបម្រើដាណឺម៉ាក Eriksen បានដួលស.ន្លប់នៅលើទីលាន កាលពីយប់ថ្ងៃសៅរ៍ អំឡុងការប្រកួតទល់នឹងហ្វាំងឡង់ ប៉ុន្ដែពេលនេះគេបានធូរស្បើយហើយ ក្រោយទទួលបានការជួយសង្គ្រោះបានទាន់ពេលវេលា។

Lukaku បានរកគ្រាប់បាល់បើកឆាកសម្រាប់បែលហ្ស៊ិក បន្ទាប់ពីខ្សែការពាររុស្ស៊ី Andrey Semenov បង្កកំហុសបច្ចេកទេស ហើយអបអរគ្រាប់បាល់បាល់ដោយការស្រែកថា “Chris, Chris, ខ្ញុំស្រលាញ់អ្នក” នៅពីមុខកាមេរ៉ាទូរទស្សន៍។

ខ្សែការពារ Thomas Meunier ដែលប្ដូរចូលជំនួសកីឡាករ Timothy Castagne ដែលរងរបួស រកគ្រាប់បាល់ទី២សម្រាប់ក្រុមលោក Roberto Martinez មុនពេល Lukaku បន្ថែមគ្រាប់ទី៣ និងជាគ្រាប់ទី២របស់គេក្នុងការប្រកួត។

សម្រាប់ជ័យជម្នះនេះបាននាំឱ្យបែលហ្ស៊ិកកាន់កាប់តំណែងកំពូលតារាងនៃពូល B មាន៣ពិន្ទុស្មើជាមួយហ្វាំងឡង់ដែលបានយកឈ្នះដាណឺម៉ាក ១-០៕