Cancelo ត្រូវបានដកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ ជំនួសវិញដោយខ្សែការពារ Man Utd ដោយសាររកឃើញថាបានឆ្លងកូវីដ១៩

ខ្សែការពារ Joao Cancelo របស់ Manchester City បានដកខ្លួនចេញពី EURO 2020 បន្ទាប់ពីធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ ពីរថ្ងៃមុនការប្រកួតដំបូងនៅវគ្គចែកពូលសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ឈានចូលមកដល់។

Cancelo បានធ្វើដំណើរជាមួយមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ដទៃទៀតទៅកាន់ទីក្រុង Budapest ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងហុងគ្រី ប៉ុន្ដែគេជាកីឡាករតែម្នាក់គត់នៅក្នុងក្រុមដែលធ្វើតេស្ដរកឃើញថាឆ្លងវីរុសកូរ៉ូណា។

ខ្សែការពារស្លាបស្ដាំរបស់ក្រុមមេឃខៀវ ត្រូវបានជំនួសដោយ Diogo Dalot ដែលជាខ្សែការពារវ័យក្មេងរបស់ Manchester United។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្កាល់ឈុតធំ ក្រោយបង្ហាញខ្លួនសម្រាប់ក្រុមយុវជន ក្នុងព្រឹត្តិការណ៍ EURO U21 កាលពីថ្មីៗនេះ។

ព័រទុយហ្កាល់ នឹងត្រូវប្រកួតបើកឆាកវគ្គចែកពូលទល់នឹងហុងគ្រីនារាត្រីថ្ងៃអង្គារខាងមុខនេះ មុនប៉ះអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមិថុនា និងប្រកួតបង្ហើយវគ្គចែកពូលទល់នឹងក្រុមបារាំង នៅថ្ងៃទី២៤ ខែមិថុនា៕

ប្រភព៖ Manchester Evening News

អានអត្ថបទបន្ទាប់៖ Neymar ស៊ុតចូលមួយគ្រាប់ និង assist មួយជួយឱ្យប្រេស៊ីលឈ្នះវ៉េណេស៊ុយអេឡារាត.ត្បាតដោយកូវីដ

ក្រុមម្ចាស់ផ្ទះប្រេស៊ីល ចាប់ផ្ដើមការប្រកួតក្នុងនាមជាក្រុមការពារជើងឯក Copa America ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា នៅក្នុងការប្រកួតបើកឆាកដោយលទ្ធផល ៣-0។

តារាឆ្នើម Neymar រកគ្រាប់បាល់បានមួយគ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូលទីម្ដង។ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះ​ ស៊ុតបាល់១១ម៉ែត្របញ្ចូលទីសម្រាប់ក្រុមលោក Tite មុនពេលបញ្ជូនឱ្យ Gabriel សម្រេចមួយគ្រាប់ផងដែរ។

ប្រធានក្រុម PSG ខ្សែការពារ Marquinhos ជាអ្នករកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមសាំបាប្រេស៊ីលនៅនាទី២៣ បន្ទាប់ពីកីឡាករក្រុមវ៉េណេស៊ុយអេឡា មិនអាចការពារបាល់ដែលបញ្ជូនពីជ្រុងបានល្អ។

សូមបញ្ជាក់ថាក្រុមម្ចាស់ជើងឯក Copa America ៩សម័យប្រេស៊ីលឈ្នះពាននេះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយ នាឆ្នាំ២០១៩ ហើយពួកគេស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានសង្ឃឹមខ្ពស់ ក្នុងការគ្រងតំណែងជើងឯកឆ្នាំនេះផងដែរ។

ដោយឡែកក្រុមវ៉េណេស៊ុយអេឡា បានប្រឈមនឹងបញ្ហាលំបាកដោយកីឡាករ និង ក្រុមការងារគ្រូបង្វឹក១២នាក់ បានឆ្លងកូវីដ១៩ មួយថ្ងៃមុនការប្រកួតមកដល់៕