គ្រាប់បាល់របស់ Sterling ជួយឱ្យអង់គ្លេសឈ្នះប្រកួតបើកឆាក EURO ជាលើកដំបូង

ខ្សែប្រយុទ្ធ Raheem Sterling បានរកគ្រាប់បាល់ជ័យជម្នះជូនក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតវគ្គចែកពូល EURO 2020 លើក្រុមក្រូអាតដោយលទ្ធផល ១-០ នៅកីឡដ្ឋានជាតិ Wembley។

កីឡាករឆ្នើមរបស់ Manchester City រូបនេះបានស៊ុតបញ្ចូលទីជូនក្រុមតោកំណាចអង់គ្លេសនៅនាទីទី៥៧ ក្រោយទទួលបានបាល់ពីការបញ្ជូនដោយ Kalvin Phillips។

Phillips បានសាងភាពលេចធ្លោនៅក្នុងការប្រកួតនេះ ហើយត្រូវបានគេដាក់ឈ្មោះថា The Yorkshire Pirlo ដែលប្រដូចទៅនឹងវីរបុរសអ៊ីតាលី Andrea Pirlo។

សូមបញ្ជាក់ថានេះជាការឈ្នះប្រកួតបើកឆាកលើកដំបូងរបស់ក្រុមអង់គ្លេស ក្នុងការប្រកួតព្រឹត្តិការណ៍ EURO ១០លើក ដោយកន្លងមកពួកគេបានត្រឹមស្មើ៥លើក និងចាញ់៤លើក។

ហើយ Jude Bellingham ក្លាយជាកីឡាករក្មេងជាងគេបំផុតដែលបានបង្ហាញខ្លួនក្នុងការប្រកួត EURO ជុំចុងក្រោយ ហើយគេក៏ជាកីឡាករវ័យក្មេងបំផុតផងដែរ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។ កីឡាកររបស់ក្លិប Borussia Dortmund រូបនេះមានអាយុ ១៧ឆ្នាំ និង ៣៤៩ថ្ងៃ៕

អានអត្ថបទបន្ទាប់៖ Neymar ស៊ុតចូលមួយគ្រាប់ និង assist មួយជួយឱ្យប្រេស៊ីលឈ្នះវ៉េណេស៊ុយអេឡារាត.ត្បាតដោយកូវីដ

ក្រុមម្ចាស់ផ្ទះប្រេស៊ីល ចាប់ផ្ដើមការប្រកួតក្នុងនាមជាក្រុមការពារជើងឯក Copa America ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា នៅក្នុងការប្រកួតបើកឆាកដោយលទ្ធផល ៣-0។

តារាឆ្នើម Neymar រកគ្រាប់បាល់បានមួយគ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូលទីម្ដង។ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះ​ ស៊ុតបាល់១១ម៉ែត្របញ្ចូលទីសម្រាប់ក្រុមលោក Tite មុនពេលបញ្ជូនឱ្យ Gabriel សម្រេចមួយគ្រាប់ផងដែរ។

ប្រធានក្រុម PSG ខ្សែការពារ Marquinhos ជាអ្នករកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមសាំបាប្រេស៊ីលនៅនាទី២៣ បន្ទាប់ពីកីឡាករក្រុមវ៉េណេស៊ុយអេឡា មិនអាចការពារបាល់ដែលបញ្ជូនពីជ្រុងបានល្អ។

សូមបញ្ជាក់ថាក្រុមម្ចាស់ជើងឯក Copa America ៩សម័យប្រេស៊ីលឈ្នះពាននេះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយ នាឆ្នាំ២០១៩ ហើយពួកគេស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានសង្ឃឹមខ្ពស់ ក្នុងការគ្រងតំណែងជើងឯកឆ្នាំនេះផងដែរ។

ដោយឡែកក្រុមវ៉េណេស៊ុយអេឡា បានប្រឈមនឹងបញ្ហាលំបាកដោយកីឡាករ និង ក្រុមការងារគ្រូបង្វឹក១២នាក់ បានឆ្លងកូវីដ១៩ មួយថ្ងៃមុនការប្រកួតមកដល់៕