(វីដេអូ) ក្រោយ​ស៊ុត​យប់មិញ តើ Neymar ត្រូវ​ការ​ប៉ុន្មាន​គ្រាប់​ទៀត​ដើម្បី​បំបែក​កំណត់ត្រា Pele?

នៅ​ការ​ប្រកួត​ទល់​វេណេហ្ស៊ុយអេឡា​ តារា​ឆ្នើម Neymar Jr រក​បាន​មួយ​គ្រាប់​ទៀត​ហើយ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​នេះ​គេ​ស៊ុត​ ៣ ប្រកួត​បណ្តាក់​គ្នា​តាំង​ពី​នៅ​ប្រកួត​វគ្គ​ជម្រុះ World Cup ចូល​មក​ដល់​ប្រកួត​បើក​ឆាក​នៅ Copa America យប់​មិញ។

តើ​អ្នក​ឆ្ងល់​ដែរ​ទេ​ថា Neymar ស៊ុតៗ​យ៉ាង​ហ្នឹង ចុះ​កំណត់ត្រា​នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ​វិញ គេ​ឈរ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន ចាញ់​នរណា​ឈ្នះ​នរណា​ខ្លះ​ហើយ?

Neymar

ជា​ការ​ពិត Neymar រក​បាន ៦៧ គ្រាប់​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន ១០៦ ប្រកួត​សរុប ចំពោះ​តួ​លេខ​គ្រាប់​បាល់​នេះ កីឡាករ​វ័យ ២៩ ឆ្នាំ បាន​យក​ឈ្នះ​អតីត​កីឡាករ​ធំៗ​ដូច​ជា Ronald Nazario, Romario និង Zico ជា​ដើម ហើយ​ Neymar នៅ​ចាញ់​តែ Pele ម្នាក់​គត់។ គម្លាត​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង មាន ១០ គ្រាប់​ធៀប​នឹង Pele ពោល​គឺ​អតីត​វីរបុរស​រូប​នេះ​មាន ៧៧ គ្រាប់។ អ៊ីចឹង​មាន​ន័យ​ថា Neymar ត្រូវ​ការ ១១ គ្រាប់​ដើម្បី​បំបែក​កំណត់ត្រា នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ប្រេស៊ីល។

បញ្ជាក់​ថា​គ្រាប់​បាល់​ទី ១ របស់ Neymar កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ ២០១០ កំឡុង​ការ​លេង​ឲ្យ​ប្រេស៊ីល​ទល់​អង់គ្លេស​នៅ​ប្រកួត​មិត្តភាព។ ដូច្នេះ​បើ​កីឡាករ​ពាក់​អាវ​លេខ ១១ នៅ​បន្ត​ធ្វើ​បាន​ល្អ​បែប​ហ្នឹង នោះ ៤ ប្រកួត​សេសសល់​សម្រាប់​វគ្គ​ចែក​ពូល Copa ក៏​ដូច​ជា​ការ​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​នៅ​ខែ​កក្កដា​ខាង​មុខ ជឿ​ថា Neymar ប្រហែល​ជា​អាច​តាម​ស្មើ​ឬ​បំបែក​កំណត់ត្រា​ខាង​លើ​បាន​ហើយ មុន​បើក​រដូវ​កាល​ថ្មី​នៅ​លីគ​កំពូល​អឺរ៉ុប៕

ប្រភព៖ TransferMarkt

អានអត្ថបទបន្ទាប់៖ Spurs ចរចា​រឿង​លុយ​ត្រូវ​អស់​ហើយ​ជាមួយ​អតីត​គ្រូ​ R.Madrid តែ​ចុង​ក្រោយ​អត់​មក​វិញ

តាម​ការ​បកស្រាយ​របស់​អ្នក​សារព័ត៌មាន Duncan Castles បាន​ឲ្យ​ដឹង​ថា ក្លឹប​ Tottenham Hotspur គឺ​បាន​ចរចា​ត្រូវរ៉ូវ​រួច​អស់​ហើយ​ជាមួយ​ភាគី​ក្លឹប Sevilla លើ​ការ​នាំ​យក Julen Lopetegui ​មក​ដឹកនាំ​ក្លឹប​អង់គ្លេស ជំនួស​ការ​ចាកចេញ​របស់​លោក Jose Mourinho កាល​ពី​ខែ​មុន។

Daniel Levy
Lopetegui

យ៉ាង​ណា​ចុង​ក្រោយ​គ្រប់​យ៉ាង​បែរ​ជា​មិន​អាច​សម្រេច​ទៅ​បាន ក្រោម​មូលហេតុ​បញ្ហា​រឿង​គ្រួសារ និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដដែល​នាំ​ឲ្យ Tottenham ងាក​ទៅ​ចាប់​អារម្មណ៍​លើ​អតីត​គ្រូ​នៅ Roma គឺ Paulo Fonseca វិញ។

តាម​ការ​បញ្ជាក់​ប្រាប់​ពី Castles ​និយាយ៖ “ពួក​គេ [Spurs] បាន​ចរចា​ជាមួយ​គ្រូ Julien Lopetegui ដោយ​បាន​ព្រមព្រៀង​ជាមួយ Sevilla ហើយ​ថា​បញ្ចប់​កុងត្រា​របស់​លោក​មុន​កាល​កំណត់​នៅ​ទំហំ​ប្រាក់ ៤ លាន​ផោន ដែល​នេះ​ព្រមព្រៀង​រួច​អស់​ហើយ តែ​ក្រោយ​មក​បញ្ហា​បុគ្គល​ដែល​ទាក់ទង​គ្រួសារ​គាត់ ពោល​គឺ​ការ​បម្លាស់​ទី​លំនៅ ក៏​នាំ​ឲ្យ​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ហើយ​ Tottenham ក៏​ងាក​ទៅ​ចាប់​អារម្មណ៍​លើ Fonseca”។

Lopetegui

គួរ​បញ្ជាក់​ថា បើ Spurs យក Lopetegui បាន​ប្រហែល​ជា​ល្អ ព្រោះ​បុរស​ម្នាក់​នេះ​ក៏​រាប់​បាន​ថា​មាន​បទពិសោធន៍​ជោកជាំ ធ្លាប់​ជួយ​ឲ្យ Sevilla ឈ្នះ​ពាន​នៅ Europa League ហើយ​នៅ​រដូវ​កាល ២០២០/២១ នេះ​សោត​ក្រុម​ក៏​ឈរ​ចំណាត់ថ្នាក់​ល្អ​ថែម​ទៀត រី​ឯ​អតីត​កាល​ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​យក្ស Real Madrid ផង​ដែរ៕

ប្រភព៖ Sportsmole