មេធំ Laporta នៅតែចាត់ទុកតារាឆ្នើម Serie A ម្នាក់ ថាជាការចុះហត្ថលេខាក្នុងក្តីស្រម៉ៃ សម្រាប់ក្រុម Barca

ក្លិប Barcelona ត្រូវបានគេយល់ថានឹងមានភាពមមាញឹកខ្លាំង ក្នុងការស្វែងជម្រើសកីឡាករថ្មីៗមកពង្រឹងក្រុមរបស់ខ្លួន នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការ ក្រោយពេលព្រឹត្តិការណ៍យូរ៉ូ ២០២០ នេះបញ្ចប់ ។

Barcelona 

ហើយយ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយមួយពីកាសែតបារាំង បានបង្ហាញឲ្យដឹងថាប្រធានក្លិប Barca លោក Joan Laporta នៅតែរក្សាក្តីស្រម៉ៃរបស់ខ្លួន ក្នុងការចុះកុងត្រាជាមួយនឹងខ្សែការពារ Matthijs de Ligt របស់ក្រុមសេះបង្កង់ Juventus នៅរដូវក្តៅខាងមុខនេះ ។

Matthijs de Ligt

ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់រូបនេះ បានសម្រេចចិត្តដើរចូល Juventus រំលងក្រុម Barcelona នៅក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនប្រមាណ ៦៧,៨ លានផោន ពីក្លិប Ajax កាលពីឆ្នាំ ២០១៩ ។

Matthijs de Ligt

ឥឡូវនេះ Le10 Sport បានអះអាងថាក្លិបយក្សកាតាឡាន់នឹងបន្តរក្សាចំណាប់អារម្មណ៍របស់ពួកគេ ក្នុងគោលបំណងដើម្បីនាំយកខ្សែការពារវ័យ ២១ ឆ្នាំរូបនេះ មកចូលរួមជាមួយមិត្តរួមជាតិហូឡង់របស់គេ គឺកីឡាករ Frenkie de Jong នៅឯទឹកដី Camp Nou វិញម្តង ។

Matthijs de Ligt , Frenkie de Jong

លើសពីនេះ ប្រភពខាងលើអះអាងទៀតថា Barca ក៏កំពុងអាចសំលឹងឃើញលទ្ធភាពក្នុងការផ្តល់ជូនខ្សែប្រយុទ្ធ Antoine Griezmann ឬ Ousmane Dembele សម្រាប់កិច្ចព្រមព្រៀងដោះដូរដោយផ្ទាល់ ជាមួយ De Ligt  វិញផងដែរ ។

Matthijs de Ligt

តែទោះទោះជាយ៉ាងណាក៏ដោយ de Ligt នៅតែជាផ្នែកសំខាន់មួយនៃផែនការរបស់គ្រូបង្វឹកថ្មីលោក Massimiliano Allegri សម្រាប់រដូវកាល ២០២១-២២ ខាងមុខនេះ ដែលនឹងត្រូវលេងក្នុងតំបន់ការពារកណ្តាលរួមជាមួយរៀមច្បង កីឡាករ Leonardo Bonucci ។ គួរបញ្ជាក់ថា De Ligt បង្ហាញខ្លួនបាន ៣៦ ប្រកួត នៅគ្រប់ពានរង្វាន់ទាំងអស់សម្រាប់ក្លិប Juventus កាលពីរដូវកាលមុន ខណ:គេថែមទាំងបានជួយក្រុមឈ្នះពាន Coppa Italia និង Italian Super Cup ទៀតផង ៕

ប្រភព: Allfootball

អានអត្ថបទបន្ទាប់៖ James និយាយបែបណា ពាក់ព័ន្ធនឹងការត្រលប់មក Real Madrid ជាមួយ Ancelotti?

James Rodriguez ទំនងជាមិនត្រលប់ទៅចូលរួម Real Madrid វិញជាមួយអ្នកចាត់ការ Carlo Ancelotti នោះទេ នេះបើតាមការបញ្ជាក់របស់ខ្សែបម្រើជនជាតិកូឡុំប៊ីរូបនេះនៅលើគណនី Instagram របស់ខ្លួន។

លោក Ancelotti ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Real Madrid កាលពីប៉ុន្មានសប្ដាហ៍មុន ជំនួសតំណែងលោក Zinedine Zidane ប្រកាសចែកផ្លូវគ្នាជាមួយក្លិបអេស្ប៉ាញមួយនេះ។

James ធ្លាប់លេងក្រោមការបង្វឹកដោយលោក Ancelotti ដំបូងនៅក្លិប Real Madrid ហើយក្រោយមកអ្នកចាត់ការជនជាតិអ៊ីតាលីបាននាំយករូបគេទៅចូលរួម Bayern Munich ក្រោមកិច្ចសន្យាខ្ចី។

ក្រោយមកទៀត James ផ្លាស់ចេញពី Real Madrid ទៅចូលរួម Everton ដែលមានន័យនេះជាក្លិបទី៣ដែលកីឡាករវ័យ២៩ឆ្នាំ លេងនៅក្រោមការបង្វឹករបស់លោក Ancelotti។

ដូច្នេះហើយទើបមានចចាមអារ៉ាមបានលេចលឺថា អតីតគ្រូបង្វឹកក្រុម Napoli នឹងបញ្ចុះបញ្ចូលក្លិប Real Madrid ឱ្យនាំយកអតីតកូនក្រុមរបស់លោកត្រលប់មកអេស្ប៉ាញវិញ ទោះយ៉ាងណាក្ដី James មិនប្រាកដថារឿងនេះអាចកើតឡើងឬយ៉ាងណានៅឡើយទេ។

ខ្សែបម្រើកូឡុំប៊ីរូបនេះបាននិយាយនៅក្នុងការផ្សាយផ្ទាល់លើ Instagram ថា៖ “ខ្ញុំមិនដឹង ថាតើខ្ញុំអាចត្រលប់ទៅ Real Madrid វិញឬយ៉ាងណានៅឡើយទេ។ ខ្ញុំមិនគិតបែបនេះឡើយ យើងកំពុងតែរង់ចាំមើល។ ប្រសិនបើខ្ញុំបន្ដនៅ Everton មួយឆ្នាំទៀត វាមិនមានបញ្ហាអ្វីឡើយ”។

“ខ្ញុំគិតថាលោក Ancelotti នឹងយកខ្ញុំទៅទីនោះទេ។ ដំណើរវិលទៅ Real Madrid របស់ខ្ញុំត្រូវបានបិទបញ្ចប់ហើយ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅទីនោះទេ ប៉ុន្ដែនៅខ្ញុំក្មេងនៅឡើយ”៕

ប្រភព៖ Goal