សារព័ត៌មានអង់គ្លេស៖ ទិដ្ឋភាពក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រុមអ៊ីតាលី និងក្រុមអង់គ្លេស ក្រោយប្រកួតវគ្គផ្ដាច់ព្រ័ត្រ EURO 2020

បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមអង់គ្លេស ក្នុងការប្រកួត EURO 2020 វគ្គផ្ដាច់ព្រ័ត្រ សមាជិកក្រុមបាល់ទាត់ជ្រើសជាតិអ៊ីតាលី បានធ្វើការអបអរយ៉ាងសប្បាយរីករាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Wembley។

ក្រុមរបស់លោក Roberto Mancini ទទួលជ័យជម្នះលើអង់គ្លេសដោយការស៊ុតបាល់១១ម៉ែត្រកាត់សចក្ដី បន្ទាប់ពីក្រុមទាំងពីរ លេង១២០នាទី បញ្ចប់ត្រឹមលទ្ធផល ១-១។

ទាំងគ្រូបង្វឹក កីឡាករ និងបុគ្គលិកក្រុមជម្រើសជាតិអ៊ីតាលី បានបង្ហាញពីអារម្មណ៍រំភើបចំពោះជ័យជម្នះ ប៉ុន្ដែក្រោយពេលអបអររួច បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ ហាក់មានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ហើយសារព័ត៌មាន The Sun បានបង្ហាញរូបភាពជាច្រើនសន្លឹកបង្ហាញសំរាមរាយប៉ាយក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រោយសាទរជ័យជម្នះរបស់ពួកគេ។

ដោយឡែកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមអង់គ្លេសវិញ មានសណ្ដាប់ធ្នាប់ល្អ ដោយបន្សល់ត្រឹមប្រអប់ភីហ្សាមួយប៉ុណ្ណោះនៅលើតុ៕

ប្រភព៖ The Sun

អានអត្ថបទបន្ទាប់៖ តើកីឡាករណាខ្លះ ជាបេក្ខភាពប្រជែងពាន Ballon d’Or ឆ្នាំនេះជាមួយ Messi?

Lionel Messi បានរួមចំណែកយ៉ាងច្រើន ក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ហើយជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍ប្រកួតនោះ ដោយមានគ្រាប់បាល់បញ្ចូលទី និងគ្រាប់បាល់ assist ច្រើនជាងកីឡាករផ្សេងទៀត។

ជាមួយ Barcelona ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ធ្វើពុំសូវបានល្អនោះទេ រដូវកាល ២០២០-២១ ដែលបានបញ្ចប់កាលពីថ្មីៗនេះ ទោះបីឈ្នះពាន Copa del Rey និងស្បែកជើងមាសនៅ La Liga ប៉ុន្ដែគេនៅតែជាបេក្ខភាពជួរមុខ ក្នុងការប្រជែង Ballon d’Or នេះបើតាមការអះអាងរបស់សារព័ត៌មាន Mundo Deportivo។

តើកីឡាករណាខ្លះ ជាគូប្រជែង Messi សម្រាប់ពានរង្វាន់ឯកត្តជនធំបំផុតមួយនេះ?

N’golo Kante អាចជាគូប្រជែងរបស់ Messi។ កីឡាករជនជាតិបារាំង ជាផ្នែកដ៏សំខាន់ក្នុងការជួយ Chelsea ឈ្នះជើងឯក UEFA Champions League ដោយបានទម្លាក់ Real Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែក Jorginho ដែលជាដៃគូនៅតំបន់បម្រើរបស់ Kante ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។ ក្រៅពីបានជួយក្រុមតោខៀវឈ្នះ UCL អតីតកីឡាករក្រុម Napoli រូបនេះ បានឈ្នះពាន EURO 2020 កាលពីថ្មីៗនេះផងដែរ។

ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ Paris Saint-Germain និងក្រុមជម្រើសជាតិបារាំង ក៏ស្ថិតក្នុងបញ្ជីនេះដែរ ខណៈ Robert Lewandowski ដែលជាកំពូលអ្នករកគ្រាប់បាល់នៅលីគអាល្លឺម៉ង់ អាចនឹងឈ្នះ Ballon d’Or ២០២០ ប្រសិនបើពាននេះមិនត្រូវបានរំសាយចោលក្នុងឆ្នាំនោះ។

Gianluigi Donnarumma, Cristiano Ronaldo, Pedri, Kevin de Bruyne, Federico Chiesa, Neymar, Karim Benzema និង Harry Kane សុទ្ធតែជាបេក្ខភាពដែលអាចប្រជែងពានកីឡាករល្អបំផុត ដែលរៀបចំដោយសារព័ត៌មានបារាំង France Football៕

ប្រភព៖ Football Espana