Barcelona ពិចារណាផ្ដល់ជូន Griezmann ជាថ្នូរនាំយកខ្សែបម្រើម្នាក់របស់ Atletico

សំណើរនៃការដោះដូររវាង Barcelona និង Atletico Madrid ពាក់ព័ន្ធនឹងការត្រលប់របស់ Antoine Griezmann ទៅទឹកដី Wanda Metropolitano វិញ ជាថ្នូរនៃការប្ដូរ Saul Niguez មកទឹកដី Camp Nou។ ការដោះដូរនេះទំនងជាអាចធ្វើទៅបាននេះបើតាមការរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ MARCA។

Barcelona ត្រូវបានរាយការណ៍ថា ខិតកាន់តែជិតក្នុងការបន្ដកិច្ចសន្យាជាមួយតារាងឆ្នើម Lionel Messi រយៈពេល៥ឆ្នាំ ហើយក្លិបត្រូវបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ដើម្បីស្របទៅនឹងច្បាប់ប្រាក់ខែដែលបានកំណត់ដោយ La Liga។

ទោះបី Griezmann បង្ហាញទម្រង់លេងល្អប្រសើរឡើងវិញក្ដី ប៉ុន្ដែដោយសារថ្លៃឈ្នួលខ្ពស់របស់គេ អាចជាបញ្ហាចំបងដែល Barca ចង់លក់រូបគេចេញ ស្របពេលក្លិបទើបនាំយកខ្សែប្រយុទ្ធឆ្នើម Sergio Aguero និង Memphis Depay មកចូលក្រុម។

ដោយឡែក Saul មានបំណងចង់ចាកចេញពី Atletico ក្រោយពុំសូវទទួលបានឱកាសចូលលេងបានទៀងទាត់ ក្រោមការដឹកនាំដោយលោក Diego Simeone ហើយការមកដល់នៃខ្សែបម្រើ Rodrigo de Paul បានជំរុញឱ្យការចាកចេញរបស់គេ កាន់តែមានភាគរយខ្ពស់។ ដូច្នេះការផ្លាស់ប្ដូរគ្នារវាង Griezmann និង Saul អាចត្រូវបានធ្វើឡើងដោយក្លិបធំទាំងពីរនៅអេស្ប៉ាញ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ជើងឯកថ្មីថ្មោង អ៊ីតាលី និងអាហ្សង់ទីន ត្រៀមប្រកួតតទល់គ្នាក្នុងព្រឹត្តិការណ៍ពិសេសមួយ

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និង អាហ្សង់ទីន អាចនឹងបង្កើតប្រវត្តិសាស្ដ្រនៃព្រឹត្តិការណ៍ប្រកួតមួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា Maradona Cup។

ការពិភាក្សារវាង UEFA និង Conmebol កំពុងដំណើរការ ដើម្បីកំណត់កាលបរិច្ឆេទ នៃការប្រកួតរវាងក្រុមជើងឯកទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង។

តាមការរាយការណ៍ពី New York Times បានឱ្យដឹងថា ការប្រកួតអាចនឹងធ្វើឡើងនៅកីឡដ្ឋាន Diego Armando Maradona ក្នុងទីក្រុង Naples ប្រទេសអ៊ីតាលី ដើម្បីជាការឧទ្ទិសដល់អតីតខ្សែប្រយុទ្ធឆ្នើម Maradona ដែលបានចែកឋានទៅកាលពីឆ្នាំមុន។

ហើយឈ្មោះ Maradona ក៏ត្រូវបានដាក់ជាឈ្មោះពានរង្វាន់នេះផងដែរ។ កាលនៅជាកីឡាករវីរបុរសបាល់ទាត់រូបនេះ មានការផ្សារភ្ជាប់ជាមួយប្រទេសទាំងពីរ ដោយលោកធ្លាប់ចំណាយពេលប្រកបអាជីពនៅអ៊ីតាលីរយៈពេល៧ឆ្នាំ៕

ប្រភព៖ Marca