គ្រូប្រេស៊ីលពន្យល់មូលហេតុ កោះហៅកីឡាករវ័យ៣៨ឆ្នាំម្នាក់ចូលរួមព្រឹត្តិការណ៍ តូក្យូអូឡាំពិក

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលក្រោមអាយុ២០ឆ្នាំ លោក Andre Jardine បានពន្យល់ការសម្រេចចិត្តរបស់លោក ដែលបានកោះហៅ ខ្សែការពារជើងចាស់ Dani Alves ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក ដែលរៀបចំធ្វើនៅប្រទេសជប៉ុន។

Alves ស្ថិតក្នុងចំណោមកីឡាករលើសអាយុដែលចូលរួមជាមួយក្រុមសាំបាប្រេស៊ីល ដែលព្រឹត្តិការណ៍តូក្យូអូឡាំពិក នឹងចាប់ផ្ដើមនៅថ្ងៃចន្ទ ហើយវិញ្ញាសាបាល់ទាត់នឹងចាប់ផ្ដើមនៅថ្ងៃពុធ។

ក្រុមជម្រើសជាតិនីមួយៗត្រូវបានអនុញ្ញាតឱ្យរើសកីឡាករលើសអាយុ៣រូប ទៅចូលរួមក្រៅពីនេះ កីឡាករនៅក្នុងក្រុមមិនត្រូវរើសអ្នកដែលកើតមុនថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៧ឡើយ។

គ្រូបង្វឹក Jardine បានពន្យល់មូលហេតុដែលជ្រើសយក Alves ទៅចូលរួមព្រឹត្តិការណ៍នេះ ដោយលោកបានពន្យល់ថា៖ “គេជាអ្នកដឹកនាំ អ្នកឈ្នះ គេមានចំណុចពិសេស ហើយគេទទួលបានការគោរពពីកីឡាករប្រេស៊ីលទាំងអស់”។

“គេជាគម្រូដ៏អស្ចារ្យ សម្រាប់កីឡាករដែលយើងមាននៅជំនាន់នេះ។ ហើយគេមិនធ្លាប់ប្រកួតប្រជែងពាន ក្នុងព្រឹត្តិការណ៍អូឡាំពិកទេ ដូច្នេះយើងគិតថា វាពិតជារឿងដែលស័ក្ដិសមបំផុត”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Solskjaer បញ្ជាក់ពីអនាគតរបស់ Lingard ជាមួយ Manchester United

លោក Ole Gunnar Solskjaer បានអះអាងថា ខ្សែបម្រើ Jesse Lingard ស្ថិតក្នុងគម្រោងរបស់លោកនៅ Manchester United រដូវកាលនេះ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងល្អទល់នឹង Derby County។

Lingard បង្ហាញភាពលេចធ្លោក្នុងការប្រកួតមិត្ដភាពមុនបើករដូវកាល ដោយបានព្យាយាមស៊ុតទីគូប្រកួត តែបុកនឹងរបារទី នៅក្នុងតង់ទី២។

ដោយឡែកក្លិបញញួរធំ West Ham ក៏រំពឹងថាអាចខ្ចីជើង កីឡាកររូបនេះម្ដងទៀតក្នុងរដូវកាលថ្មី ប៉ុន្ដែអ្នកចាត់ការបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថា Lingard ស្ថិតនៅក្នុងគម្រោងរបស់លោក សម្រាប់រដូវកាលថ្មីនេះ។

លោកបាននិយាយថា៖ “Jesse Lingard បានត្រលប់មកវិញហើយ មានភាពចែងចាំង ហើយគេចង់តស៊ូដណ្ដើមតំណែងរបស់គេ។ អ្វីដែលគេបានធ្វើកាលពីរដូវកាលមុន បង្ហាញថាគេជា Jesse ពិតប្រាកដ។ ពេលនេះយើងនៅខ្វះខាតចំណុចមួយចំនួន ដូច្នេះស្ថិតនៅក្នុងគម្រោង នៅពេលនេះ”៕

ប្រភព៖ talkSPORT