Kubo ស៊ុតចូលគ្រាប់ជ័យជម្នះក្នុងប្រកួតបើកឆាកជូនក្រុមម្ចាស់ផ្ទះជប៉ុន នៅតូក្យូអូឡាំពិក

Takefusa Kubo រកគ្រាប់បាល់ជ័យជម្នះជូនក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ក្នុងការប្រកួតបើកឆាកវគ្គចែកពូល ក្នុងនាមជាក្រុមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍តូក្យូអូឡាំពិក ដោយបានយកឈ្នះលើអាហ្រ្វិកខាងត្បូងដោយលទ្ធផល ១-០។

ខ្សែបម្រើប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់សម្រាប់ក្រុមជប៉ុន នៅក្នុងវគ្គទី២នៃការប្រកួតដ៏តានតឹងមួយនេះ។

ដោយឡែកក្រុមអេស្ប៉ាញដែលសំបូរទៅដោយកីឡាករក្មេងៗមានទេពកោសល្យខ្ពស់ ទទួលបានលទ្ធផលត្រឹមស្មើជាមួយអេហ្ស៊ីប ក្នុងថ្ងៃប្រកួតបើកឆាកនេះ ខណ់បារាំងបានបរាជ័យ ៤-១ ក្រោមថ្វីជើងម៉ិកស៊ីកូ។

ខ្សែប្រយុទ្ធ Ricarlison រកបានហេតទ្រីគជួយឱ្យប្រេស៊ីលឈ្នះ អាល្លឺម៉ង់ ៤-២ ស្របពេលអាហ្សង់ទីនចាញ់អូស្ដ្រាលី ២-0 ហើយកូរ៉េខាងត្បូងចាញ់ណូវែលសេឡង់ ១-០៕

អានអត្ថបទបន្ទាប់៖ កីឡាករវ័យក្មេងម្នាក់បានកាដូរអាវលេខ១០ របស់ Ozil ក្រោយតកុងត្រាលេងនៅ Arsenal ៥ឆ្នាំទៀត

ខ្សែបម្រើ Emile Smith Rowe បានបន្ដកិច្ចសន្យារយៈពេលវែងជាមួយក្លិប Arsenal ហើយគេបានក្លាយជាម្ចាស់អាវលេខ១០ថ្មី ស្នងពី Mesut Ozil ដែលបានចាកចេញទៅចូលរួមក្លិបនៅលីគកំពូលតួកគី។

កីឡាករវ័យក្មេងរបស់ក្លិបកាំភ្លើងធំរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លិប Aston Villa នៅរដូវក្ដៅនេះ ប៉ុន្ដែសំណើរបស់ពួកគេសម្រាប់កីឡាករនាំលេងរូបនេះ ត្រូវបានច្រានចោលពីរលើកដោយ Arsenal។

ទោះយ៉ាងណាក្ដី ពេលនេះ Smith Rowe បានបញ្ចប់ការសង្ស័យទៅលើអនាគតរបស់គេ ដោយបានស៊ីញ៉េកុងត្រាថ្មីជាមួយក្លិប ដែលគេបានចូលរួមតាំងពីអាយុ១០ឆ្នាំម្ល៉េះ។

Smith Rowe នឹងបន្ដរួមរស់នៅទឹកដី Emirates រហូតដល់ឆ្នាំ ២០២៦ ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងអស់សុពលភាពនៅឆ្នាំ២០២៣។

គេបានបង្ហាញវត្តមានលើទីលានប្រកួតបាន៣៣លើកសម្រាប់ Arsenal ក្នុងរដូវកាលមុន និងរកគ្រាប់បាល់បាន៤គ្រាប់ផងដែរ សម្រាប់ក្រុមដែលដឹកនាំដោយលោក Mikel Arteta៕

ប្រភព៖ Goal