មានរឿងអី? អ្នកគាំទ្រ PSG នាំយកត.វ៉ាមិនឲ្យក្លិបចុះហត្ថលេខានាំយកកីឡាករនៅ PL រូបនេះចូលក្រុមឡើយ

ថ្មីៗនេះក្លិប Paris Paris-Germain ហាក់កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ។

Paul Pogba 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនមិនចង់ឲ្យក្លិបរបស់ពួកគេចុះហត្ថលេខានាំយក Pogba មកកាន់ទឹកដីបារាំងនោះទេ ដោយពួកគេថែមទាំងបានដាក់បដានៅខាងក្រៅកីឡាដ្ឋាន Parc des Princes ដើម្បីធ្វើការប្រ​.ឆាំងចំពោះគំនិតនេះផងដែរ ។

ជាក់ស្តែងនៅក្នុងសារនោះ បានសរសេរថា ” Pogba អ្នកគួរតែស្តាប់តាមម្តាយរបស់អ្នក គាត់មិនចង់ឲ្យអ្នកមកទីនេះទេ ហើយពួកយើងក៏អ៊ីចឹងដែរ! ”  ។

យ៉ាងណាមិញ ជុំវិញមូលហេតុដែលអ្នកគាំទ្ររបស់ក្រុម PSG មិនចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ក៏ដោយសារតែគេធ្លាប់បាននិយាយទៅក្នុងបទសម្ភាសន៍ជាមួយ Canal + កាលពីពេលកន្លងទៅថា ៖ ” “ ខ្ញុំប្រាកដថាខ្ញុំនឹងមិនទៅលេងឲ្យក្លិប នៅ Parc des Princes នោះទេ ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនេះទេ ពីព្រោះឪពុកនិងម្តាយរបស់ខ្ញុំគឺជាអ្នកគាំទ្ររបស់ក្រុម Marseille ដូច្នេះទីក្រុងប៉ារីសមិនសមនឹងផែនការរបស់ខ្ញុំទេ ” ៕​

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ គ្រូធំ Shakhtar ជឿថាកីឡាកររូបនេះ នឹងចូលរួមប្រជែង Jorginho & Messi ក្នុងពាន Ballon d’Or ​ឆ្នាំនេះដែរ

កីឡាករ Giorgio Chiellini ត្រូវបានគេគាំទ្រថានឹងក្លាយជាបេក្ខភាពដ៏សំខាន់បំផុតម្នាក់ ដើម្បីចូលរួមប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ រួមជាមួយមិត្តរួមក្រុមជម្រើសជាតិអ៊ីតាលីកីឡាករ Jorginho និងខ្សែប្រយុទ្ធ Lionel Messi ដែរ ។

Giorgio Chiellini

ជាក់ស្តែងនេះបើយោងតាមអ្វីដែលអ្នកចាត់ការក្រុម Shakhtar Donetsk លោក Roberto De Zerbi លើកឡើង ដោយគាត់ជឿជាក់ថាទម្រង់លេងដ៏ល្អរបស់ Chiellini អំឡុងការប្រកួតពានរង្វាន់ Euro ២០២០ កន្លងទៅ អាចនឹងធ្វើឲ្យគេមានសិទ្ធចូលរួមប្រជែងពានបុគ្គលដ៏ធំនេះផងដែរ ។

Giorgio Chiellini , Jorginho

រំលឹកថា Chiellini ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែលោកបានបង្ហាញភាពជាដៃគូយ៉ាងល្អជាមួយកីលាករ Leonardo Bonucci នៅក្នុងតំបន់ការពារកណ្តាលរបស់ក្រុមជម្រើសជាតិអ៊ីតាលី ខណ:ថែមទាំងបានជួយក្រុមរបស់លោក Roberto Mancini លើកពាន ក្រោយយកឈ្នះលើអង់គ្លេសទៀតផង ។

Giorgio Chiellini

ហើយមិនតែប៉ុណ្ណោះនៅពេលគេសាកសួរអំពីបេក្ខភាព ដែលមានភាគរយច្រើននៅក្នុងការឈ្នះបានរង្វាន់បុគ្គលដ៏អស្ចារ្យនេះ លោក  De Zerbi  បាននិយាយប្រាប់ Gazzetta dello Sport ថា ៖ ” ប្រសិនបើអ្នកក្រឡេកមើលពីការឈ្នះពានរង្វាន់ Jorginho ស័ក្តិសមឈ្នះវា គាត់គួរតែទទួលបាន Ballon d’Or  ។ គាត់គឺជាកីឡាករសំខាន់ម្នាក់របស់អ៊ីតាលី រួមជាមួយ Gigio Donnarumma, Leo Bonucci និង Giorgio Chiellini ” ។

Messi

លោកបន្តទៀតថា ៖ “ តែទោះយ៉ាងណា Messi នៅតែជា Messi ហើយដរាបណាគាត់នៅលេងបាល់ នោះគាត់នឹងស្ថិតក្នុងចំណោមបេក្ខភាពប្រជែងពាននេះដែរ ។ យើងធ្លាប់ដឹងហើយថាអតីតខ្សែការពារ Fabio Cannavaro ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ដូច្នេះវាគ្មានហេតុផលអ្វី ដែល Chiellini មិនអាចឈ្នះវាបាននោះទេ បើយើងក្រឡេកមើលពីភាពអស្ចារ្យរបស់គាត់ នៅក្នុងពាន Euro កន្លងទៅ ” ៕

ប្រភព: Sportbible