ទិញមិនទាន់គ្រប់ទេ! Ferdinand ប្រាប់ឲ្យ Man Utd ឆាប់ទិញកីឡាករ ២ រូបនេះទៀត មុនទីផ្សារបិទទ្វារ

ក្រុមបិសាចក្រហម Manchester United ទើបនឹងទិញបានកីឡាករ ២ រូបនាពេលកន្លងទៅ គឺ Jadon Sancho និង Raphael Varane ខណៈតម្លៃផ្ទេររបស់អ្នកទាំង ២ គឺមានប្រមាណដល់ទៅជាង ១០០ លានផោនឯណោះ។

យ៉ាងណា Rio Ferdinand យល់ថា បើជ្រុលចាយលុយថ្នាក់ហ្នឹងទៅហើយ ខ្លាចអីនឹងចំណាយច្រើនជាងហ្នឹងទៀត ដូច្នេះលោកក៏ផ្ដល់ជាគំនិតថា Man utd គួរណាស់តាមទិញកីឡាករ ២ រូបទៀត មុនទីផ្សារដោះដូរបិទទ្វារ រីឯកីឡាករ ២ រូបនោះគឺ Saul Niguez និង  Declan Rice។

Rio Ferdinand

កន្លងមក ដោយសារមិនចង់បាត់បង់តារាឆ្នើម West Ham ទម្លាក់តម្លៃកប់ពពក ១០០ លានផោនសម្រាប់ Rice ស្របពេលកាលពីប៉ុន្មានរដូវកាលមុន Atletico Madrid ធ្លាប់ទារថ្លៃខ្លួន Niguez រហូតដល់ ១២៦ លានផោនសម្រាប់តម្លៃផ្ដាច់កុងត្រា តែពេលនេះ បិសាចក្រហមជឿថា ពួកគេអាចចុះកុងត្រាយកខ្សែបម្រើ​ At Madrid ក្នុងតម្លៃត្រឹម ៤៥-៥០ លានផោនប៉ុណ្ណោះ។

ប្រាប់ទៅកាន់ FIVE Youtube Channel ខ្ញីចាស់ Ferdinand និយាយ៖ “ខ្ញុំគិតថា ប្រសិនបើកីឡាករដែលពួកយើងត្រូវការ មានតម្លៃខ្លួនសមរម្យ  Ole ច្បាស់ជាតាមទិញគេជាមិនខាន តែសំណួរគឺ តើកីឡាករណាដែលយើងត្រូវការ និងមានតម្លៃសមរម្យ? Saul Niguez គឺជាកីឡាករសក្ដិសមបំផុត តែកាលពីប៉ុន្មានឆ្នាំមុន តម្លៃខ្លួនរបស់គេគឺ ១៦០ លានផោន តែពេលនេះ ៤០-៥០ លានផោនគឺល្មមហើយ”។

Saul Niguez

“សម្រាប់បច្ចុប្បន្ន តម្លៃប៉ុណ្ណឹងចំពោះកីឡាករដែលមានទេពកោសល្យ និងមានបទពិសោធន៍នៅ Champions League គឺសមរម្យណាស់ទៅហើយ។ ខ្ញុំគឺជាអ្នកគាំទ្រធំបំផុតមួយរបស់គេ ហើយប្រសិនបើអាចទិញគេបានរដូវកាលនេះ គួរតែប្រញាប់ទិញទៅ”។

Declan Rice

“ដោយឡែក Declan Rice ច្បាស់ជាអាចជាចំណែកធំមួយក្នុងក្រុមជាមិនខាន ហើយខ្ញុំក៏ជាអ្នកគាំទ្រផ្កាប់មុខមួយរូបរបស់គេផងដែរ។ គេធ្វើបានយ៉ាងល្អនៅអង់គ្លេស​រដូវក្ដៅនេះ ហើយបើសិន West Ham អាចរក្សាគេទុកបាន ពួកគេច្បាស់ជាមានការវិវត្តខ្លួនកាន់តែខ្លាំង។ ខ្ញុំយល់ថា បើទោះជាគេបន្តនៅ West Ham ឬចាកចេញ ក៏គេនៅតែអាចធ្វើបានល្អដដែលហ្នឹង”៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ ជើងចាស់ Nevin ថា​ Abraham អាចនឹងដើរតាមគន្លងវីរបុរស Chelsea មួយរូប ក្រោមការណែនាំពី​ Mourinho

កីឡាករ​ Tammy Abraham បានចុះកិច្ចសន្យាជាមួយក្រុម Roma កាលពីពេលថ្មីៗនេះ ជាមួយកុងត្រារយៈពេល ៥ ឆ្នាំ និងតម្លៃផ្ទេរប្រមាណ ៣៤ លានផោន។

Tammy Abraham

ជាមួយការផ្ទេររបស់ Abraham នេះសោត អតីតកីឡាករ Chelsea លោក Pat Nevin បាននិយាយថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំអាចនឹងដើរតាមគន្លងវីរបុរស Didier Drogba ក្លាយជាកំពូលកីឡាករមួយរូបក្រោមការណែនាំពីអ្នកចាត់ការ​ Jose Mourinho។

Jose Mourinho

ប្រាប់ទៅកាន់គេហទំព័រក្រៅស្រុកមួយ អតីតខ្សែប្រយុទ្ធស្លាប Nevin និយាយ៖ “ខ្ញុំបានតាមដាន Tammy Abraham តាំងពីមុនការប្រកួតបើករដូវកាលម៉្លេះ និងរយៈពេល ៣ រដូវកាលមកនេះ រាងកាយរបស់គេមានការកែប្រែជាងមុនច្រើន។ Didier Drogba មិនមែនជាកំពូលកីឡាករ រហូតដល់វ័យពាក់កណ្ដាល ២០ ឆ្នាំ ហើយខ្ញុំគិតថា Tammy ក៏ដូចគ្នា”។

Didier Drogba

“ខ្ញុំមិនហ៊ាននិយាយថា វាជាកំហុសដែលអនុញ្ញាតឲ្យគេចាកចេញទេ តែបើសិនជាគេអាចលេងនៅទីនោះ ៤ ឆ្នាំទៀត គេច្បាស់ជាអាចក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់ Chelsea ជាមិនខាន។ តែបើសិនជាទុកគេឲ្យនៅកៅអីបម្រុងមិនបានលេង ទើបជាបញ្ហាធំ ដូច្នេះការសម្រេចចិត្តចាកចេញពេលនេះគឺជារឿងល្អបំផុតហើយ”។

Pat Nevin

បញ្ជាក់ដែរថា វត្តមានរបស់​ Lukaku លើទឹកដី Stamford Bridge ជារនាំងអាចឲ្យ​ Tammy Abraham របូតតំណែងជាកីឡាករជម្រើសដំបូង ដូច្នេះបើមិនចង់អង្គុយកៅអីបម្រុង ខ្សែប្រយុទ្ធអង់គ្លេសត្រូវសម្រេចចិត្តផ្លាស់ប្ដូរទ្រនំជាបណ្ដោះអាសន្ន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍សិន។

Tammy Abraham

ដោយឡែក ក្នុងកិច្ចសន្យារវាង Chelsea និង Roma ក៏បានចារដែរថា ក្រុមតោខៀវអាចមានសិទ្ធទិញ Abraham មកវិញបានក្នុងតម្លៃផ្ដាច់កុងត្រា ៦៨ លាន​ផោនភ្លាមៗ តែលក្ខខណ្ឌនេះអាចអនុវត្តទៅបាន លុះត្រាតែកីឡាករអង់គ្លេសបានបង្ហាញខ្លួនជាមួយក្រុមនៅ​ Serie A ២ រដូវកាលសិន៕

ប្រភព: Sportbible