កីឡាករឆ្នើម៧រូប ដែលអាចចូលលេងលើកដំបូងនៅចុងសប្ដាហ៍នេះ សម្រាប់ក្លិបដែលទើបចូលរួម

នៅក្នុងទីផ្សារដោះដូរនារដូវក្ដៅកន្លងទៅនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនបានកើតឡើង ក្នុងនោះកីឡាករដែលបានផ្ទេរនៅថ្ងៃចុងក្រោយនៃការដោះដូរ កំពុងរង់ចាំការទទួលបានឱកាសបង្ហាញខ្លួនសម្រាប់ក្លិបថ្មីជាលើកដំបូង ក្រោយការសម្រាកប្រកួតជម្រើសជាតិត្រូវបានបញ្ចប់ក្នុងខែកញ្ញានេះ។

Cristiano Ronaldo, Antoine Griezmann និងកីឡាករលំដាប់កំពូលមួយចំនួនផ្សេងទៀត បានសម្រេចការផ្ទេរដ៏មិននឹកស្មានដល់ ហើយនាពេលដ៏ខ្លីខាងមុខនេះ ពួកគេនឹងមានឱកាសចូលលេងលើទីលានសម្រាប់ក្លិបចាស់ដែលពួកគេធ្លាប់ចូលរួម ក៏ដូចជាកីឡាករមួយចំនួនផ្សេងទៀត ដែលចាប់ផ្ដើមការប្រកួតសម្រាប់ក្លិបថ្មី។

ខាងក្រោមនេះជាកីឡាករ៩រូប ដែលអាចបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិបថ្មី ឬអតីតក្លិបរបស់ពួកគេនៅចុងសប្ដាហ៍នេះ៖

Antoine Griezmann

ការផ្លាស់ប្ដូរដ៏ធំមួយក្នុងទីផ្សាររដូវក្ដៅឆ្នាំនេះគឺ ការត្រលប់ទៅ Atletico Madrid វិញរបស់ Griezmann បន្ទាប់ពីមានការផ្ទេរកីឡាកររវាងក្លិប Chelea, Atletico, Barcelona និង Sevilla។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំជនជាតិបារាំងរូបនេះ អាចនឹងត្រៀមខ្លួនរួចរាល់សម្រាប់ក្រុមរបស់លោក Diego Simeone សម្រាប់ការជួបតតាំងជាមួយ Espanyol នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

Eduardo Camavinga

Real Madrid បានព្យាយាមនាំយកខ្សែបម្រើបារាំងម្នាក់នៅរដូវក្ដៅនេះ ហើយ Eduardo Camavinga ជាកីឡាករដែលមកចូលរួមក្លិបយក្សអេស្ប៉ាញ បន្ទាប់ពីបរាជ័យក្នុងការនាំយក Kylian Mbappe។ ក្រោយពីបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃពុធ Camavinga អាចចូលរួមការប្រកួតលើទីលានជាលើកដំបូង នាថ្ងៃអាទិត្យទល់នឹង Celta Vigo។

Cristiano Ronaldo

Cristiano Ronaldo បានត្រលប់មក Premier League ជាថ្មី ហើយគេទទួលបានអាវលេខ៧នៅ Manchester United ម្ដងទៀត ហើយក៏បានហ្វឹកហាត់ត្រៀមបង្ហាញខ្លួនលើទីលានលើកដំបូងនាចុងសប្ដាហ៍នេះ។ ក្នុងជំនួបរវាង Man Utd ជាមួយ Newcastle នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អ្នកគាំទ្រនៅអង់គ្លេស មិនអាចទស្សនាការប្រកួតនៅលើកញ្ចក់ទូរទស្សន៍បាននោះទេ ដែលធ្វើឱ្យតម្លៃសំបុត្រនៅក្នុងការប្រកួតមានការកើនឡើង។

Saul Niguez

Saul Niguez ជាកីឡាករម្នាក់ផ្សេងទៀតដែលផ្លាស់មកចូលរួមនៅ Premier League តែជាមួយនឹងក្លិប Chelsea។ គេនឹងត្រូវប្រជែងតំណែងជាមួយ N’Golo Kante, Jorginho និង Mateo Kovacic ក្នុងតំណែងខ្សែបម្រើកណ្ដាល ប៉ុន្ដែគេអាចទទួលបាននាទីលេង ក្នុងប្រកួតដំបូងរបស់ខ្លួនទល់នឹង Aston Villa នាថ្ងៃសៅរ៍នេះ។

Hector Bellerin

ខ្សែការពារស្លាបស្ដាំជនជាតិអេស្ប៉ាញ បានចូលរួម Real Betis ក្រោមកិច្ចសន្យាខ្ចីជើងពី Arsenal អំឡុងការដោះដូររដូវក្ដៅនេះ ហើយគេត្រូវរង់ចាំរហូតដល់ថ្ងៃចន្ទ ដើម្បីអាចបង្ហាញខ្លួនដំបូងក្នុងការប្រកួត ដែល Real Betis ត្រូវប៉ះជាមួយ Granada។

Pablo Sarabia

ក្រោយពីសម្រេចចិត្តចាកចេញពី Paris Saint-Germain ក្រោមកិច្ចសន្យាខ្ចីជើង Pablo Sarabia បានជ្រើសចូលរួមក្លិបចាស់របស់ Cristiano Ronaldo គឺ Sporting Lisbon។ ការបង្ហាញខ្លួនលើកដំបូងរបស់ Sarabia អាចនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្នុងជំនួបជាមួយ Porto។

Ilaix Moriba

Moriba បានប្រឈមនឹងបញ្ហាមើលមុខគ្នាមិនចំជាមួយ Barcelona លើការបដិសេធមិនបន្ថយប្រាក់ឈ្នួលដែលគេទទួលបាន ហើយចុងក្រោយគេសម្រេចចិត្តផ្លាស់ទៅចូលរួម RB Leipzig ដែលការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត អាចនឹងធ្វើឡើងក្នុងជំនួបទល់នឹង Bayern Munich នាថ្ងៃអាទិត្យនេះ។