Simeone មិនសប្បាយចិត្តរឿងមួយ ទោះ Atletico អាចយកបាន៣ពិន្ទុពី Espanyol

អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយចប់ការប្រកួត ទោះបីក្រុមរបស់លោកទទួលបានជ័យជម្នះ ដោយលទ្ធផល ២-១ នៅក្រៅដីទល់នឹង Espanyol ក៏ដោយ។

ក្រុមការពារជើងឯក La Liga បានធ្វើដំណើរទៅប្រកួតទល់នឹងក្រុមដែលមានមូលដ្ឋាននៅតំបន់ស្វយ័តកាតាឡូញ៉ា ដោយពួកគេយកបាន៣ពិន្ទុត្រលប់ទៅផ្ទះវិញ។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Simeone ត្រូវរង់ចាំដល់នាទីបន្ថែម ៩០+៩ ដើម្បីអាចទទួលបានជ័យជម្នះដ៏លំបាក។ ប៉ុន្ដែអ្នកចាត់ការជនជាតិអាហ្សង់ទីន មិនសប្បាយចិត្តចំពោះការព្យាយាមអូសបន្លាយពេលវេលារបស់ក្រុមម្ចាស់ផ្ទះ នៅក្នុងការប្រកួតនេះឡើយ។

លោកបាននិយាយថា៖ “វាមាននាទីបន្ថែមជាច្រើន ខ្ញុំមិនដែលឃើញការខ្ជះខ្ជាយពេលវេលាក្នុងការប្រកួតច្រើនបែបនេះដែរ។ អ្នកត្រូវតែមើលអ្វីដែលបានកើតឡើងអំឡុងការប្រកួត ទើបឃើញបន្ថែមនាទីច្រើនបែបនេះ”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Solskjaer បញ្ជាក់ថាលោកនឹងមិនដាក់ឲ្យ Ronaldo លេងគ្រប់ការប្រកួតនោះទេ ដោយសារមូលហេតុនេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើយ៉ាងល្អ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន សម្រាប់ក្រុមបិសាចក្រហម Manchester United ដោយអាចស៊ុតបញ្ចូលទី ២ គ្រាប់ផងដែរ​​ ទៅលើជ័យជម្នះក្នុងលទ្ធផល ៤-១ ទៅលើក្រុម Newcastle កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

Cristiano Ronaldo

តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកលោក Ole Gunnar Solskjaer ថ្មីៗបានបញ្ជាក់ថាលោកនឹងមិនដាក់ឲ្យខ្សែប្រយុទ្ធព័រទុយហ្គាល់ ចូលលេងរាល់ការប្រកួតសម្រាប់ក្រុមបិសាចក្រហម នោះឡើយ ព្រោះលោកកំពុងព្យាយាមគ្រប់គ្រងពេលវេលារបស់តារាឆ្នើមរូបនេះ ដើម្បីឲ្យបានសម្រាកខ្លះ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បាននិយាយថា ៖ “​អ្វីសម្រាប់ Cristiano គឺថាគាត់អាចមើលថែខ្លួនឯងច្រើន ដូច្នេះខ្ញុំដឹងថាគាត់នឹងរឹងមាំវិញបានយ៉ាងឆាប់រហ័ស ។ ពិតណាស់យើងមានការប្រកួតមួយនៅថ្ងៃអង្គារ (ទល់នឹង Young Boys) ។ យើងនឹងឃើញអ្វីដែលយើងនឹងត្រូវធ្វើជាមួយគាត់។ ប៉ុន្តែទេ វាមិនមែនជារឿងដែលមិនអាចទៅរួចទេ ក្នុងការទុកឲ្យគាត់ទំនេរខ្លះ ។ គាត់មានវ័យ ៣៦ ឆ្នាំហើយ ខណ: Mason មានអាយុ ១៩ ឆ្នាំ ដូច្នេះវាដូចគ្នា គឺខ្ញុំត្រូវគ្រប់គ្រងនាទីលេងរបស់ពួកគេ ” ។

Cristiano Ronaldo
Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា ស៊ុត ២ គ្រាប់នៅក្នុងជំនួបទល់ Newcastle នេះ ធ្វើឲ្យ Ronaldo មានគ្រាប់បាល់សរុបចំនួន ១២០ គ្រាប់ហើយ សម្រាប់ក្រុម Man United នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ៕

ប្រភព: Goal